ព័ត៌មានជាតិ
លោក គួច ចំរើន ជំរុញឱ្យរដ្ឋបាលក្រុងអរិយក្សត្រ ពង្រឹងលើការបង្ក្រាបបទល្មើសនានា និងបម្រើសេវាសាធារណៈឱ្យបានល្អ
លោក គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញឱ្យរដ្ឋបាលក្រុងអរិយក្សត្រ ពង្រឹងលើការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងខិតខំបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង។ លោកបានជំរុញបែបនេះ ក្នុងពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលក្រុងអរិយក្សត្រ នាសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុងអរិយក្សត្រ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ គ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេស រដ្ឋបាលក្រុង ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់ រដ្ឋបាលក្រុងអរិយក្សត្រ ត្រូវដឹកនាំមន្រ្តី ឱ្យបន្តខិតខំបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត និងត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងមូលដ្ឋាន ដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយឡើយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជាគឺជាអ្នកបំរើសរាស្ត្រ មិនមែនជាចៅវាយនាយរបស់រាស្ត្រឡើយ។ ដូច្នេះ ក្នុងនាមជាមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាសហការគ្នាគិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ឆ្លើយតបឱ្យបានទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់អាជ្ញាធរ។ នេះជាការគូសបញ្ជាក់របស់ លោកអភិបាលខេត្ត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធនឹងការរៀបចំតែងតាំងមន្ត្រីក្នុងប្រអប់ដែលទំនេរឱ្យអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារឱ្យទៅមុខ។ លោកថា ការតែងតាំងគួរផ្ដល់អទិភាពទៅលើស្ត្រី ជាពិសេសត្រូវគិតគូរទៅលើ ការដំឡើងថ្នាក់មន្ត្រីកុំមានភាពយឺតយ៉ាវតាមឆ្នាំ និងតាមសញ្ញាប័ត្រជាក់ស្ដែងរបស់មន្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ គឺជាលើដំបូងសម្រាប់ក្រុងអរិយក្សត្រ បន្ទាប់ពី លោក គួច ចំរើន បានចូលកាន់មុខតំណែងអភិបាលខេត្ត រយៈពេលជាង ១ខែ និងដើម្បីបង្កើនភាពស្និតស្នាល និងពង្រឹងលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕



-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


