ព័ត៌មានជាតិ
សហជីព ស្នើ និយោជក ជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត ឱ្យបានសមរម្យបន្ថែមទៀត
សហជីព ស្នើឱ្យ ភាគីនិយោជក ជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត ឱ្យបានសមរម្យបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់កម្មករកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតមានចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៨ សីហា នេះថា «តាងនាមឱ្យបងប្អូនកម្មករ-និយោជិត ខ្ញុំសូមសំណូមពរដល់ភាគីនិយោជក ជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យបន្ថែមទៀតដល់បងប្អូនកម្មករ-និយោជិត ព្រោះថាការដំឡើងប្រាក់ឈ្នួលនេះ នឹងជួយលើកកម្ពស់សុខភាពកម្មករ-និយោជិតកាន់តែល្អ ក៏ដូចជាលើកស្ទួយជីវភាពគ្រួសារបានកាន់តែប្រសើរ ពិសេសជួយលើកកម្ពស់ផលិតកម្មតាមសហគ្រាសកាន់តែរីកចម្រើនផងដែរ»។
លោកបានបន្តថា ជាមួយគ្នានេះដែរ ភាគីសហជីព គ្រោងស្នើចំនួន ៣ ចំណុច ជូនរាជរដ្ឋាភិបាលដោះស្រាយផងដែរ រួមមាន ទី១.ស្នើឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ទំនិញឡើងថ្លៃគ្រប់ប្រភេទ ព្រោះថាស្ទើរតែជារៀងរាល់ឆ្នាំនៅពេលរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលទំនិញនៅលើទីផ្សារក៏មានការឡើងថ្លៃដែរ ដែលជាហេតុធ្វើឱ្យកម្មករមិនបានទទួលផលពីការទទួលបានប្រាក់ឈ្នួលថ្មីទេ។ ទី២.ស្នើឱ្យរដ្ឋាភិបាលបន្តការងារជួយតបណ្តាញទឹក និងភ្លើងរដ្ឋតាមបណ្តាផ្ទះជួលបន្ថែមឱ្យបាន ១០០% ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់កម្មករ និងធ្វើយ៉ាងណាជួយកុំឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះ និងទី៣.ស្នើឱ្យរដ្ឋាភិបាលជួយពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់កម្មករ-និយោជិតជាសមាជិក ប.ស.ស បន្ថែមទៀតផង ខណៈបច្ចុប្បន្នមានមន្ទីរពេទ្យភាគច្រើនបានអនុវត្តល្អប្រសើរហើយ។

លោក សំ សឿន បន្ថែមថា នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលនៅថ្ងៃទី ២៩ ខែសីហា ស្អែកនេះ ភាគីសហជីព គ្រោងនឹងស្នើតួលេខបឋមចំនួន ២១៨ ដុល្លារ ប្រាក់សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបឆ្នាំ ២០២៥។ សំណើផ្អែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧ រួមមាន វិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៥។
លោកបានបញ្ជាក់ថា ក្នុងករណីតួលេខមានការប្រែប្រួល ឬផ្លាស់ប្ដូរអ្វីទៀត ភាគីសហជីព នឹងបន្តការជជែកគ្នាជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកតួលេខណាមួយដែលអាចទទួលយកបានទាំងអស់គ្នាដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី២ គ្រោងប្រជុំត្រីភាគីនៅថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ខណៈប្រជុំលើកទី ១ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ និងលើកទី ២ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ស្អែកនេះ។

នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


