ព័ត៌មានជាតិ
ពលរដ្ឋរស់នៅអគារចំណាស់អាយុជិត ១០០ ឆ្នាំ កែងមហាវិថីព្រះមុនីវង្ស យល់ព្រមចាកចេញដោយបារម្ភពីសុវត្ថិភាព
បើតាមលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា ពលរដ្ឋស្នាក់នៅអគារអង្គរមានជ័យ បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយចាកចេញ ដើម្បីសុវត្ថិភាពខណៈអគារចំណាស់អាយុជិត ១០០ ឆ្នាំនេះ មានសភាពទ្រុឌទ្រាមប្រឈមគ្រោះថ្នាក់គ្រប់ពេល។
លោក សាយ សំអាល់ បានបង្ហោះដោយសរសេររៀបរាប់នៅលើគណនីហ្វេសបុករបស់លោកថា «ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ»។

ទាក់ទងការយល់ព្រមចាកចេញរបស់ពលរដ្ឋរស់នៅអគារចំណាស់សាងសង់តាំងពីទសវតឆ្នាំ ១៩៥០ នេះ កម្ពុជាថ្មីបានទាក់ទងទៅ លោក សេង ឡូត មន្រ្តីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នៅព្រឹកនេះ ដើម្បីសាកសួរបន្ថែម ដោយលោកបានឆ្លើយតបថាកំពុងជាប់ប្រជុំ មិនទាន់អាចផ្តល់បទសម្ភាសន៍បាន។
កម្ពុជាថ្មីបានទាក់ទងលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ដោយលោកបញ្ជាក់យ៉ាងខ្លីថា ការងារនេះក្រសួងរៀបចំដែនដី កំពុងដុតដៃដុតជើងធ្វើការសម្របសម្រួលជាមួយពលរដ្ឋ។


កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម (ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) បច្ចុប្បន្នអគារ WING TOWER។
ក្នុងសេចក្តីជូនដំណឹង អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមស្ថិតនៅខណ្ឌ ៧មករា ពីស្ថានភាពនៃអគារដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទោសអស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។
ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្នាក់នៅលើអគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើត្រូវការជួសជុលត្រូវស្វែងរកក្រុមហ៊ុន ឬវិស្វករ ដែលមានជំនាញច្បាស់លាស់ ហើយករណីទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅឋានថ្មីដែលមានសុវត្ថិភាព៕


-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


