ព័ត៌មានជាតិ
កម្ពុជានឹងចុះហត្ថលេខាជាមួយអង្គការសុខភាពពិភពលោកពង្រឹងសុខុមាលភាពប្រជាជនក្នុង រយៈពេល៥ឆ្នាំខាងមុខ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងចុះហត្ថលេខាលើយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោកឆ្នាំ២០២៤-២០២៨ ជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

មានប្រសាសន៍មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំខាងលើកាលពីថ្ងៃទី២០តុលា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោករដ្ឋមន្ត្រីបានឱ្យដឹងថា អនុ្សរណៈនៃការយោគយល់រវាងក្រសួងសុខាភិបាល និងអង្គការសុខភាពបិភព
លោកនេះ ជាយុទ្ធសាស្រ្តដើម្បីកំណត់អំពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខក៏ដូចជារួមចំណែកឈានទៅសម្រេចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួនស្តីពីលទ្ធផលសម្រេចបានក្នុងវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាលដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំនេះជាឱកាសផ្លាស់ប្តូរគំនិត យោបល់ និងគិតគូរួមគ្នា, ពិនិត្យ និងស្វែងយល់កិច្ចការប្រឈមក្នុងតំបន់ និងកម្រិតសកល, រួមគ្នាស្វែងយល់ រិះរកវិធីសាស្ត្រដោះស្រាយពិសេសសម្រាប់ប្រទេសប្រហាក់ប្រហែលគ្នាអំពីកត្តាប្រឈមដូចជាកត្តាធនធានមនុស្ស (ទាំងគុណភាព និងបរិមាណ) និងខិតខំឱ្យមានតុល្យភាពអំពីធនធានមធ្យោបាយ ទាំងផ្នែកបង្ការ និងព្យាបាល ដែលត្រូវមាននវានុវត្តន៍ និងទំនើបកម្មទទួលយកនិងអាចធ្វើបាន។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយដែលរៀបចំឡើងទៀងទាត់ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយត្រួតពិនិត្យកម្មវិធី/គម្រោង នានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាពពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះកិច្ចប្រជុំធ្វើឡើងដើម្បីស្វែងរកនិងអនុម័តដំណោះស្រាយបញ្ហានានាក្នុងការពិនិត្យ និងរៀបចំសេចក្ដីសម្រេចដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


