ព័ត៌មានជាតិ
ក្រោយពីដំណើរទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែននៅមជ្ឈិមបូព៌ា អ្នកវិភាគមានសុទិដ្ឋិនិយម ចំពោះវិស័យនយោបាយ និងសេដ្ឋកិច្ចកាន់តែរឹងមាំ
ភ្នំពេញ ៖ ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា អ្នកវិភាគបញ្ហានយោបាយ និងអ្នកជំនាញខាងសេដ្ឋកិច្ច មានសុទិដ្ឋិនិយមចំពោះវិស័យនយោបាយ និងសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកនៅក្នុងទីផ្សារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «តំបន់មជ្ឈិមបូព៌ា យើងអាចចាត់ទុកថា ជាទីផ្សារថ្មី ព្រោះផលិតផលទំនិញកម្ពុជាតិចតួចបំផុតដែលយកទៅលក់នៅក្នុងប្រទេសទាំងនោះ ហើយវាជាទីផ្សារធំមួយដែលមិនអាចមើលរំលង។ ដូច្នេះយើងគួរតែមានការសិក្សាពីតម្រូវការចាំបាច់ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ស្រូវអង្ករ វិស័យទេសចរណ៍ និងផលិតផលកសិកម្មផ្សេងៗទៀត»។

លោកបន្តថា កម្ពុជាមិនទាន់បាននាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារតំបន់នោះឱ្យបានទូលំទូលាយនៅឡើយ ប៉ុន្ដែធ្លាប់មានទំនាក់ទំនងផ្នែកវិស័យការងារមួយចំនួនតាមរយៈការបញ្ជូនកម្លាំងពលកម្មពីកម្ពុជាទៅបម្រើការងារនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បើទោះបីជាប្រទេសទាំងនោះ មានសេដ្ឋកិច្ចរីកចម្រើន មានបច្ចេកវិទ្យាខ្ពស់ និងវិស័យថាមពលដ៏សម្បូរបែបក៏ដោយ ប៉ុន្ដែវិស័យចំណីអាហារ ឬវិស័យកសិកម្មនៅមានកម្រិត ដោយសារប្រទេសទាំងនោះមិនមានដីសម្រាប់កសិកម្មច្រើននោះទេ។ ដូច្នេះវាជាឱកាសថ្មីសម្រាប់កម្ពុជា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងនោះ។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា វិស័យការទូត នយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក៏នៅមានកម្រិតជាមួយនឹងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងនោះ។ ដូច្នេះលោកចាត់ទុកដំណើរទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត។

លោកបណ្ឌិតបន្តថា កន្លងមកធ្លាប់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ប៉ុន្ដែមួយរយៈចុងក្រោយនេះ កម្ពុជាបានពង្រីកវិស័យការទូតរបស់ខ្លួនទៅដល់តំបន់មជ្ឈិមបូព៌ា។

លោកបណ្ឌិតបន្ថែមថា «ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មានន័យថា យើងបើកច្រកនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយទៀត គឺនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ទាំងទិន្នភាពភូមិសាស្រ្តនយោបាយ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំងទិន្នភាពនយោបាយការទូត រួមទាំងវិស័យទេសចរណ៍។ នេះជាសកម្មភាពដែលកម្ពុជាមិនធ្លាប់បានធ្វើពីមុនមក ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅទស្សនកិច្ចផ្លូវការនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ រួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីតនៅវិមានរដ្ឋសភា រាជធានីរីយ៉ាដនៅថ្ងៃទី ៩ ខែធ្នូនេះ។

ក្នុងជំនួបនោះ សម្តេចតេជោបានស្នើដល់ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតថា ប្រទេសទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូលតាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានអំណោយផលល្អក្នុងការធ្វើកសិកម្ម។

សម្តេចតេជោក៏បានស្នើវិនិយោគិនអារ៉ាប៊ីសាអូឌីតឱ្យមកវិនិយោគ រៀបចំម៉ាស៊ីនកិនស្រូវ ស្តុកស្រួវ និងវេចខ្ចប់ស្រូវអង្ករនៅកម្ពុជាសម្រាប់នាំចេញមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។
សម្តេចបានបន្ថែមថា មិនមានប្រទេសច្រើនទេដែលផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់បែបនេះ។ អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជាមានសន្តិសុខស្បៀង ទើបប្រទេសទាំងពីរអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន។

ជាការឆ្លើយតប ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងបានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោមានសារៈសំខាន់ណាស់ ហើយលោកនឹងយកទៅពិចារណាជាមួយរាជរដ្ឋាភិបាលរបស់លោក។

លោកបានលើកឡើងថា អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកបានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតយកចិត្តទុកដាក់ខ្លាំង ការលើកកម្ពស់សេដ្ឋកិច្ច សាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតតាមរយៈការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ច៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ