ព័ត៌មានជាតិ
ស្ថានភាពនៃការឆ្លងមេរោគអេដស៍នៅកម្ពុជា ខណៈរដ្ឋាភិបាលដាក់ទិសដៅបញ្ចប់អេដស៍ឆ្នាំ ២០៣០
ប្រទេសកម្ពុជា បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃមេរោគអេដស៍ ហើយបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ទាំងនេះត្រូវបានបង្ហាញតាមរយៈ ការធ្លាក់ចុះនៃអត្រាឆ្លងថ្មីនៃមេរោគអេដស៍ ៣៣% (ពី ២,០០០ករណី មកនៅត្រឹម ១៤,០០ ករណីក្នុងឆ្នាំ២០២២) និងការស្លាប់ដោយសារជំងឺអេដស៍ ៣០% (ពី ១,៦០០ ករណី មកនៅត្រឹម ១,១០០ ករណី) ចន្លោះឆ្នាំ២០១០ និងឆ្នាំ២០២២។ នេះបើយោងតាមគោលការណ៍ណែនាំជាតិរួមបញ្ចូលគ្នា ស្តីពីសេវាធ្វើតេស្តរកមេរោគអេដស៍នៅប្រទេសកម្ពុជា ចេញផ្សាយឆ្នាំ ២០២៤ ដោយក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ។

លើសពីនេះ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ចំពោះអត្រាគ្របដណ្តប់លើការព្យាបាលមេរោគអេដស៍ខ្ពស់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៧៦,០០០ នាក់នៅក្នុងប្រទេសបានទទួលការព្យាបាលនៅឆ្នាំ២០២២ និង ៩៨% នៃអ្នកដែលកំពុងទទួលការព្យាបាល មានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។
ការសម្រេចបាននូវគោលដៅ នៃការព្យាបាល ៩០-៩០-៩០ (ចាប់តាំងពីឆ្នាំ២០១៧) ក៏ជាសក្ខីភាព នៃការយកចិត្តទុកដាក់អ្នកផ្ទុកមេរោគអេដស៍ សហគមន៍ និងប្រជាជនប្រឈមមុខខ្ពស់ ជាចំណុចសំខាន់ នៃការឆ្លើយ តបនឹងមេរោគអេដស៍ថ្នាក់ជាតិ ព្រមទាំងសេវាប្រកបដោយភាពនវានុវត្តន៍ និងយកប្រជាជនជាគោល។
សមិទ្ធផលដ៏អស្ចារ្យទាំងនេះ គឺជាលទ្ធផលនៃការប្ដេជ្ញាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ភាពជាដៃគូដ៏រឹងមាំជាមួយអង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ និងការចូលរួមយ៉ាងសកម្មរបស់អ្នកផ្ទុកមេរោគអេដស៍ និងសហគមន៍ នៃប្រជាជនប្រឈមមុខខ្ពស់ ។
ក្នុងរបាយការណ៍ខាងលើបញ្ជាក់ថា៖« ប្រទេសកម្ពុជាបានប្តេជ្ញាបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈត្រឹមឆ្នាំ២០២៥ ប៉ុន្តែវិថីចុងក្រោយនៃការឆ្លើយតបតែងតែពិបាកបំផុត។ ការរីករាលដាល នៃមេរោគអេដស៍នៅតែបន្តប៉ះពាល់ដល់ប្រជាជនគន្លឹះច្រើនជាងប្រជាជនដទៃទៀត»។
ក្នុងរបាយការណ៍ដដែល បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនគន្លឹះដែលងាយឆ្លងមេរោគអេដស៍ រួមមាន ស្រ្តីបម្រើសេវាកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកចាក់គ្រឿងញៀន និងអ្នកប្លែងភេទ(TG)។ នៅឆ្នាំ២០២២ ប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរួមភេទរបស់ពួកគាត់មានអត្រា ៨៣% នៃករណីឆ្លងថ្មី នៃមេរោគអេដស៍ ហើយ ៤៨% នៃការឆ្លងថ្មី នៃមេរោគអេដស៍ គឺស្ថិតក្នុងចំណោមបុរសបម្រើសេវាផ្លូវភេទ និងបុរសរួមភេទជាមួយបុរស ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុនៗ។

ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ករណីឆ្លងថ្មីនៃមេរោគអេដស៍មានការធ្លាក់ចុះពី ១ ៤០០ នៅ ឆ្នាំ ២០២២ មក ១ ២០០ នៅឆ្នាំ២០២៣។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩.៤១៣ នាក់បានមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
ចំណែកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជិត ៧.០០០នាក់ទៀត នៅមិនទាន់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគាត់ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើសកម្មភាពដើម្បីអប់រំ និងជូនដំណឹងឱ្យគាត់បានដឹង និងមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ និងទទួលការព្យាបាលថែទាំឱ្យបានឆាប់។

គួរជម្រាបថា ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកប្លែងភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ ។ ល។ ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។
ប្រទេសកម្ពុជា ប្តេជ្ញាសម្រេចគោលដៅប្រកបដោយមហិច្ឆតា ដើម្បីបញ្ចប់ការរីករាលដាលមេរោគអេដស៍នៅត្រឹម ២០២៥ ហើយសម្រេចគោលដៅ និងទិសដៅសកលក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជំងឺអេដស៍នៅត្រឹមឆ្នាំ ២០៣០៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


