Connect with us

ព័ត៌មានជាតិ

ខួប៤៦ឆ្នាំថ្ងៃ៧មករា៖ ក្រុមសេនាសន្តិភាពនាំសមាជិកជាង២០០​នាក់ ជិះទូកជប់លៀង និងទស្សនាសម្រស់រាជធានីភ្នំពេញ

បានផុស

នៅ

ក្រុមសេនាសន្តិភាព នៅថ្ងៃយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីជប់លៀងនៅលើទូកជាមួយនឹងសមាជិក សមាជិកាមកពីបណ្តាខេត្តនានានៅកម្ពុជា និងមកពីក្រៅប្រទេសប្រមាណជាង២០០នាក់ ដើម្បីអបអរសាទរខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា។ ក្រៅពីជួបជុំ ហូកចុក សប្បាយជុំគ្នា ពិធីជប់លៀងនៅលើទូកនេះ ក៏ផ្តល់ឱកាសដល់អ្នកចូលរួមបានទស្សនាពីទិដ្ឋភាពដ៏ស្រស់ត្រកាលនាពេលរាត្រីនៃរាជធានីភ្នំពេញផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីជួបជុំជប់លៀងនេះ រៀបចំដោយ លោក លី ហុង និងលោក យឿន យឿត ដែលលោកទាំងពីរ គឺជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំង សមាជិកសេនាសន្តិភាពទាំងក្នុងស្រុក និងក្រៅស្រុក។ ពិធីជួបជុំជប់លៀងអាហារសាមគ្គីអបអរសាទរទិវាជ័យជម្នះ«៧មករា ពន្លឺនៃសន្តិភាព»នេះ គឺជាការបង្ហាញនូវការសាមគ្គីគ្នា រួមគ្នាថែរក្សា និងការពារនូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។ ពិធីជួបជុំនេះ ក៏បញ្ជាក់អំពីការគោរពស្រឡាញ់ និងដឹងគុណបំណាច់យ៉ាងធំធេងដល់ឥស្សរជនខ្មែរដែលបានខិតខំពុះពារគ្រប់ឧបសគ្គនាំប្រទេសចេញផុតពីការកាប់សម្លាប់យ៉ាងរង្គាលពីរបបខ្មែរក្រហម។

ក្នុងរាត្រីដ៏មនោរម្យនេះ ថ្នាក់ដឹកនាំ និងសមាជិកក្រុមសេនាសន្តិភាព សុទ្ធតែបង្ហាញពីភាពស្និតស្នាល និងភារតភាព ក្នុងទឹកមុខសប្បាយរីករាយ ហើយក៏ជប់ចិត្តនឹងទិដ្ឋភាពនាពេលរាត្រីនៃរាជធានីភ្នំពេញ ដែលមានការរីកចម្រើនយ៉ាងខ្លាំងមិនចាញ់បណ្តាប្រទេសគេផ្សេងឡើយ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមសេនាសន្តិភាព បានរំលេចឱ្យឃើញពីបញ្ហាសន្តិភាពដែលជារឿងដ៏សំខាន់ និងចាំបាច់ដែលនាំប្រទេសកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនបែបនេះ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមសេនាសន្តិភាព បានប្រកាសប្តេជ្ញាថែរក្សា ការពារសន្តិភាពឱ្យបានជាមួយនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ គឺជាគម្រប់ខួប៤៦ឆ្នាំនៃជ័យជម្នះផ្តួលរំលំរបបខ្មែរក្រហម។ នៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ គឺគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីអបអរសាទរនៅកោះពេជ្រ។ ពិធីអបអរសាទរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក និងសមាជិកា​គណ​បក្សសរុបជាង២ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋ និងកំពុងបន្តបំភ្លឺផ្លូវដល់ប្រជាជាតិកម្ពុជា ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ សម្តេចតេជោ បានគូសបញ្ជាក់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។ សម្ដេច និងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ។

ជាមួយគ្នានេះ សម្តេច​តេជោ ប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ២០២៥នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម