ព័ត៌មានជាតិ
កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា គិតត្រឹមថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ប្រទេសកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៦០ ៩០៨ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើទៅលើវិស័យធំៗ ៣ រួមមាន ៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

តាមរយៈទិន្នន័យរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្លាំងពលកម្មក្នុងស្រុកចំនួន ៦០ ៩០៨ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៨ ៤៥១ កន្លែង វិស័យសេវាកម្មមានចំនួន ៦ ៩៧៥ កន្លែង និងវិស័យកសិកម្មមានចំនួន ៥ ៤៨២ កន្លែង។

ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មចំនួន ១៥ ០០០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៥ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ១២ ៤១០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩ ០៥៦ កន្លែង ផ្នែកសេវាកម្ម ៣ ៣៥៣ កន្លែង និង ផ្នែកកសិកម្ម ១ កន្លែង។ ខេត្តស្វាយរៀងមាន ១២ ០០៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១១ ២៤៧ កន្លែង និង ផ្នែកសេវាកម្ម ៧៥៩ កន្លែង។ ខេត្តកណ្ដាលមាន ៥ ២៨១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ ២៣៤ កន្លែង និង ផ្នែកសេវាកម្ម ៤៧ កន្លែង។

ចំណែកខេត្តក្រចេះមានតម្រូវការកម្លាំងពលកម្មចំនួន ៣ ៨០០ កន្លែង ក្នុងនោះ ផ្នែកកសិកម្ម ៣ ៨០០ កន្លែង។ ខេត្តកំពង់ស្ពឺមាន ២ ៨៩៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២ ៨៨៩ កន្លែង និង ផ្នែកសេវាកម្ម ៤ កន្លែង។ ខេត្តតាកែវមាន ២ ២០៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២ ១៨៥ កន្លែង និង ផ្នែកសេវាកម្ម ១៩ កន្លែង។ ខេត្តបន្ទាយមានជ័យមាន ១ ៦៧៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៤៩៥ កន្លែង សេវាកម្ម ១ ១៧៩ កន្លែង និង កសិកម្ម ៥ កន្លែង។

ដោយឡែកខេត្តកំពង់ចាមមានតម្រូវការកម្លាំងពលកម្មចំនួន ១ ៥៨១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៥០០ កន្លែង ផ្នែកសេវាកម្ម ៧៩ កន្លែង និង ផ្នែកកសិកម្ម ២ កន្លែង។ ខេត្តរតនគីរីមាន ១ ៤៤៦ កន្លែង ក្នុងនោះ ផ្នែកកសិកម្មចំនួន ១ ៤៤៦ កន្លែង និង ខេត្តផ្សេងៗ មាន ២ ៦០៨ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨៤៥ កន្លែង សេវាកម្ម ១ ៥៣៥ កន្លែង និងកសិកម្ម ២២៨ កន្លែង។

ក្រសួងការងារ បានឲ្យដឹងទៀតថា កម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម យន្តការី និងអ្នកដំឡើងអគ្គិសនី វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ មន្ត្រីឥណទាន និងប្រាក់កម្ចី កម្មករដំណាំចម្រុះ និងចិញ្ចឹមបសុសត្វ អ្នកធ្វើការក្នុងកាស៊ីណូ អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងមុខរបរផ្សេងៗ។

យ៉ាងណាក៏ដោយ បើតាមក្រសួងការងារ សម្រាប់យុវជនទាំងអស់ដែលមានបំណងចង់ស្វែងរកការងារទាំងនេះ សូមទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។

គួរជម្រាបថា លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុក ជៀសវាងទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសតាមរយៈមេខ្យល់នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬ មានការរំលោភបំពានផ្លូវច្បាប់ ពិសេសប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។

លោកបានបន្តថា ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្ដាហ៍តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងនៅលើបណ្ដាញសង្គម និងតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង ដែលការងារទាំងនោះទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្ដាប្រទេសជិតខាងផងដែរ ដូចជា ទទួលបានប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្ដាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន , កន្លែងការងារនៅក្បែរផ្ទះ និងការចំណាយទាប ដែលអាចឲ្យប្រជាពលរដ្ឋសន្សំសំចៃបានច្រើន៕
អត្ថបទ ៖ ពិសី
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


