ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវអគ្គិភ័យឆាបឆេះក្នុងខណ្ឌដង្កោ
នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបកម្មករនិយោជិត និងពិនិត្យមើលស្ថានភាពរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៨និង៣០នាទី។

សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។

ក្នុងពេលចុះជួបកម្មករនិយោជិត នាព្រឹកនេះ លោក ហេង សួរ បានសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់ និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា កម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល រួមនឹងអត្ថប្រយោជន៍នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ដោយវឌ្ឍនភាពនៃទីតាំង និងព័ត៌មានផ្សេងទៀតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួងនឹងជម្រាបជូនដំណឹងនាពេលបន្ទាប់។

លោក ហេង សួរ ក៏បានបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតនៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូនកម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានផងដែរ។

លោក ហេង សួរ ក៏បានបញ្ជាក់ដល់កម្មករនិយោជិតថា សម្រាប់សុពលភាព និងអត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ កម្មករនិយោជិតនៅតែទទួលបាន និងអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា។ ទន្ទឹមនេះ ក្រុមកាងារ សាខា ប.ស.ស. ខណ្ឌដង្កោបានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួល ក្នុងករណីមានសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់កម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់កម្មករនិយោជិតផ្សេងទៀត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


