ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការចុះតាមរោងចក្ររបស់ថ្នាក់ដឹកនាំក្រសួង ចូលរួមលើកកម្ពស់ សុខដុមរមនារវាងនិយោជក និងកម្មករ-និយោជិត
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការចុះតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញរបស់ថ្នាក់ដឹកនាំក្រសួង បានចូលរួមចំណែកលើកកម្ពស់សុខដុមរមនានឹងគ្នារវាងនិយោជក និងកម្មករ-និយោជិត ដែលនឹងជួយបង្កើនច្រវាក់ផលិតកម្មកាន់តែប្រសើរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីថ្ងៃទី ១៩ កុម្ភៈ ថា ការដែលថ្នាក់ដឹកនាំក្រសួងការងារបន្តចុះតាមរោងចក្រសហគ្រាស និងគ្រឹះស្ថាន ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពផលិតកម្មរោងចក្រ លក្ខខណ្ឌការងារ ការបើកប្រាក់ឈ្នួល ប.ស.ស និងស្តាប់នូវសំណូមពររបស់កម្មករ-និយោជិត ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក កត្តា អ៊ន បានបន្តថា សកម្មភាពនេះជាការចូលរួមលើកកម្ពស់សុខដុមតាមរោងចក្រសហគ្រាស កាត់បន្ថយជម្លោះ និងការដោះស្រាយបញ្ហាដោយការព្រមព្រៀង ដោយផ្តល់ប្រយោជន៍ដល់និយោជក ក៏ដូចកម្មករ-និយោជិត ធានាឱ្យបានសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់បញ្ជូនថ្នាក់ដឹកនាំក្រសួងចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករ-និយោជិតនៅរោងចក្រមួយចំនួននៅក្នុងរាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយអំពីសេវា ប.ស.ស ដល់កម្មករ-និយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនិងពិនិត្យ និងតាមដានស្ថានភាព និងព័ត៌មានទូទៅរបស់សហគ្រាស គ្រឹះស្ថាន ដោយមើលឃើញថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករ-និយោជិត រួមនឹងស្ថានភាព នៃទំនាក់ទំនងវិជ្ជាជីវៈមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា នេះជាលើកទី ២ ហើយ ដែលថ្នាក់ដឹកនាំក្រសួងចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករ-និយោជិតនៅរោងចក្រសហគ្រាស បន្ទាប់ពីលើកទី ១ បានធ្វើកាលពីឆ្នាំ ២០២៤ កន្លងទៅ ក្នុងនោះ ក្រៅពីពិនិត្យមើលស្ថានភាពការងារ ថ្នាក់ដឹកនាំក៏បានចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ-និយោជិតផងដែរ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងនិយោជក និងកម្មករ-និយោជិត ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល សម្តេច តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កម្មករ-និយោជិត ក៏ដូចជានិយោជក៕
អត្ថបទ ៖ សំអឿន

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


