ព័ត៌មានជាតិ
ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិសហជីពថា ដំណោះស្រាយរបស់ក្រសួងការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ ៖ ខណៈដែលថ្ងៃទិវាពលកម្មអន្តរជាតិខិតជិតមកដល់ សហជីពនៅកម្ពុជាបានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការផ្ដល់សេវាសាធារណៈដែលល្អប្រសើរលឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា “ខ្ញុំកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរលឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ជួយឱ្យពលរដ្ឋ កម្មករនិយោជិត សហជីព និងនិយោជកបានចំណេញទាំងពេលវេលា និងកាត់បន្ថយទាំងការចំណាយ”។

លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបង្ហាញពីការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្រ្តីក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សហជីព កម្មករនិយោជិត និងនិយោជក”។

លោក ហ្វា សាលី បានកត់សម្គាល់បន្ថែមទៀតពីការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀតរបស់កម្មកររោងចក្រសហគ្រាសនាពេលកន្លងមក ដោយលោកបានចាត់ទុកថា មានភាពម៉ត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ដែលជាយន្តការឈ្នះ-ឈ្នះទាំងអស់គ្នា ហើយមិនមានបាតុភាពណាមួយកើតឡើងនោះទេ។

ចំណែកលោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) បានថ្លែងថ “ក្នុងទំនាក់ទំនងរវាងស្ថាប័នវិជ្ជាជីវៈ និយោជិត និយោជក និងភាគីពាក់ព័ន្ធផ្សេងៗទៀត គឺយើងឃើញថា មានការទំនាក់ទំនងវិវត្តទៅមុខល្អប្រសើរ ដោយសារយើងមានវេទិការថ្មីៗជាច្រើនដែលជាយន្តការដោះស្រាយបញ្ហារួមគ្នាដូចជា វេទិការចរចាប្រាក់ឈ្នួល ដោះស្រាយបញ្ហារបបសន្ដិសុខសង្គម និងវេទិការសំខាន់ៗដែលអាចសម្រួលដល់ការដោះស្រាយបញ្ហារួមគ្នា”។

លោកបន្តថា ករណីមួយចំនួនដែលធ្លាប់កើតឡើងកន្លងមកនេះដែលធ្វើឱ្យកម្មករនិយោជិតប្រឈមនឹងការបាត់បង់ការងារ និងប្រាក់ចំណូល ប៉ុន្ដែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជូនមន្រ្តីជំនាញទៅជួយប្រឹក្សាការងារ និងផ្ដល់ឱកាសការងារនៅតាមរោងចក្រ ជាពិសេសលោករដ្ឋមន្រ្តី ហេង សួរ តែងតែចុះសួរសុខទុក្ខ និងលើកទឹកចិត្តកម្មករដោយផ្ទាល់។
លោក គង់ អាទិត្យ បានបន្ថែមថា ករណីវិវាទការងារជាច្រើន ត្រូវបានដោះស្រាយជោគជ័យដែលបានប្ដឹងដោយកម្មករ ហើយករណីសល់តិចតូចកំពុងបន្តដោះស្រាយទៀត។
ការដោះស្រាយបញ្ហាទាន់ពេលវេលាដោយមន្រ្តីក្រសួងការងារ ជាពិសេសតំណាងលោករដ្ឋមន្រ្តីក្រសួងការងារបានធ្វើឱ្យមានសន្ដិភាពនៅតាមរោងចក្រសហគ្រាសដែលជាការបង្ហាញពីការយកចិត្តទុកដាក់អំពីក្ដីកង្វល់របស់កម្មករនិយោជិត សហជីព និងនិយោជក។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិស្របច្បាប់របស់ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែលម្អយន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ រួមទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានកើនដល់អត្រាប្រមាណ ៨៧% ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាពនៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំងសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ និងបានអន្តរាគមន៍ដោះស្រាយបញ្ហាកូដកម្មសរុបចំនួន ២០៣ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ១៦ករណី៕


-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


