Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ ២០២៥ ផ្លូវជាតិ​សំខាន់ៗ ៤ ខ្សែ បញ្ចប់ការសាងសង់ ដាក់ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់

បានផុស

នៅ

ដើមឆ្នាំ ២០២៥ នេះ ​​ផ្លូវ​ជាតិ​សំខាន់ៗ​ចំនួន ៤ ខ្សែ​បាន​បញ្ចប់​ការ​សាងសង់​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

ផ្លូវ​ជាតិ​លេខ ៧១ សេ

ផ្លូវជាតិ​លេខ ៧១សេ ចាប់ផ្តើមពី​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង​បញ្ចប់​នៅចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​បញ្ចប់​និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ​២០២៥ ក្រោម​អធិបតី​ភាព​នាយករដ្ឋមន្រ្តី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ផ្លូវជាតិលេខ ៧១សេ បានប្រកាសបើកការដ្ឋានទន្ទឹមគ្នានឹង​ការ​​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ជាផ្លូវការ​ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវ​ជាតិ​លេខ ៧១សេ មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ដែល​ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ចំណាយថវិកាសាងសង់សរុបប្រមាណ ១៣៣ ​លាន​ដុល្លារ​អាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ​នឹងថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស​សម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ៧១សេ សាងសង់​បែងចែកជា ២ផ្នែក គឺផ្នែកខាងកើត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងផ្នែកខាង​លិចស្ថិតនៅក្នុង​ខេត្ត​កំពង់ចាម និងបានតភ្ជាប់គ្នាតាមរយៈស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ)។ ផ្លូវជាតិនេះ​គឺជាខ្សែផ្លូវយុទ្ធសាស្ត ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបាន​តភ្ជាប់​ជាមួយ​បណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួនដូចជា ផ្នែកខាងកើត តភ្ជាប់​ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់ ក្នុងទិសដៅ​ទៅកាន់​ទីតាំង​ភូមិសាស្ត្រ​ផ្សេងៗ​ក្នុង​ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញតភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។

នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ ៧១សេ បានកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយ​ការ​ចំណាយ និងចំណេញពេលវេលា។

ផ្លូវ​ជាតិ​លេខ ៣១ លេខ ៣៣ និង​លេខ ៤១

ផ្លូវ​ជាតិ​ចំនួន ៣ ខ្សែ​គឺ​ផ្លូវ​ជាតិ​លេខ ៣១ លេខ ៣៣ និង​លេខ ៤១ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២៥។

ផ្លូវជាតិលេខ៣១៖ មាន​ប្រវែង​សរុប​ចំនួន ៥៣,៥៣៩ គីឡូម៉ែត្រ មានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុច​ប្រសព្វផ្លូវ​ជាតិលេខ ៣) ទៅដល់​ទីរួម​ស្រុក​កំពង់ត្រាច (ចំណុច​តភ្ជាប់ផ្លូវជាតិលេខ ៣៣) ដែល​ត្រូវ​បាន​ស្ដារ និង​លើក​កម្រិត​គុណភាព​ជាប្រភេទផ្លូវ​ក្រាលបេតុងកៅស៊ូ AC មាន​កម្រាស់ ៧ សង់ទីម៉ែត្រ និង​ទទឹង ១១ ម៉ែត្រ។

ផ្លូវ​នេះ​រួមបញ្ចូលនូវ​ការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២ កន្លែង ដែល​ផ្លូវវាងទី១ មានប្រវែង ៤,៦​ គីឡូម៉ែត្រ និងផ្លូវវាង​ទី​២ មាន​ប្រវែង ៤ គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីក្រុង​កំពត ​(ចំណុចប្រសព្វផ្លូវជាតិលេខ ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជា​ព្រំដែន​កម្ពុជា-វៀតណាម រួម​ទាំង​ផ្លូវតភ្ជាប់​ក្នុង​ក្រុងកំពត (ផ្លូវ​ក្រុងលេខ ៧០៩) ដែល​ត្រូវ​បានស្ដារ និង​លើក​កម្រិតគុណភាព​ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មាន​កម្រាស់ ៥ សង់ទីម៉ែត្រ និង ៧​សង់ទីម៉ែត្រ និង​ផ្លូវបេតុងសរសៃដែក​កម្រាស់ ២៣ សង់ទីម៉ែត្រ និង​ទទឹង ១១​ម៉ែត្រ​។

ចំណែកឯផ្លូវជាតិលេខ៤១៖ មាន​ប្រវែងសរុប​ចំនួន ៩៥,២៦៩ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើម​ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៤ ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុច ប្រសព្វ​ផ្លូវជាតិ​លេខ ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទ​ផ្លូវក្រាល បេតុងកៅស៊ូ AC មាន​កម្រាស់ ៥ សង់ទីម៉ែត្រ និង​ទទឹង ១១ម៉ែត្រ។

ផ្លូវជាតិទាំង ៣ ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង​ថ្នល់​ចិន (CRBC) ចំណាយថវិកា​សរុបប្រមាណ ១៨៨ លានដុល្លារអាម៉េរិក ក្នុងនោះផ្លូវជាតិ​លេខ​៣១ ប្រមាណ ៦០ លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និង​ផ្លូវជាតិ​លេខ ៤១ ប្រមាណ ៦៧ លានដុល្លារអាម៉េរិក។

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានគូស​​បញ្ជាក់​ថា ខ្សែផ្លូវទាំង ៣ ខ្សែនេះ គឺជាសរសៃឈាម​សេដ្ឋកិច្ច និងទេសចរណ៍​ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគ​និរតី​របស់កម្ពុជា​ក្នុង​នោះ ផ្លូវជាតិ​លេខ​៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិ​លេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្តកំពត និងខេត្ត​កែប, និងផ្លូវជាតិលេខ ៤១ ឆ្លងកាត់តាម​ភូមិសាស្តខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។

ផ្លូវជាតិលេខ ៣១ និងផ្លូវជាតិលេខ ៣៣ បានតភ្ជាប់គ្នាត្រង់​ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និង​តភ្ជាប់​ទៅកាន់​ច្រកទ្វារ​ព្រំដែន​​​អន្តរជាតិ​កម្ពុជា-វៀតណាម (ព្រែកចាក) ហើយចំពោះផ្លូវជាតិ​លេខ ​៤១ វិញ គឺបានតភ្ជាប់​ជាមួយផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយ​ខ្សែ​ផ្លូវផ្សេងៗ​នៅ​ក្នុង​តំបន់​ក្នុង​ទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេស​តំបន់ឧស្សាហកម្ម កំពង់ផែ​សមុទ្រ តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ធម្មជាតិ តំបន់​កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រ​​រួមទាំងឆ្ពោះ​ទៅព្រំដែន​កម្ពុជា-វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

សន្តិសុខសង្គម៥៨ នាទីutes មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម