Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតីលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន Shandong​ ពង្រីកការវិនិយោគនៅតំបន់ភូមិភាគឦសានកម្ពុជា

បានផុស

នៅ

ក្នុងឱកាសធ្វើទស្សនកិច្ចការងារនៅឯប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបជាមួយបណ្ដាក្រុមហ៊ុនចិនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុន Shandong ដែលកំពុងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យកសិកម្ម។ ក្នុងជំនួបនោះ សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនមួយនេះពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ពិសេសនៅតំបន់ភូមិភាគឦសានរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ក៏សម្តែងការស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។​

ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។ សម្តេច ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ។

ក្រុមហ៊ុន Shandong គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការវិនិយោគទៅលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។

សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជាផងដែរ៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម