Connect with us

ព័ត៌មានជាតិ

ផ្លូវទៅខ្នងផ្សារបើកការដ្ឋានសាងសង់ ជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ

បានផុស

នៅ

នៅព្រឹកមិញនេះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបានសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នង​ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិត​នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់តាមរយៈគម្រោងលម្ហែបៃតង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកការដ្ឋានសាង់សង់នាថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារ។ នេះបើតាមការថ្លែងរបស់​លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ការចាប់ផ្តើមអនុវត្តគម្រោងនេះ នឹង​ចូលរួមបង្កើតអនាគតថ្មី ហើយប្រជាសហគមន៍មូលដ្ឋានក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ​បានកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យការទាក់ទាញទេសចរ នៃតំបន់ដែលមានសក្តានុពលគោលដៅលំហែបៃតង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

លោករដ្ឋមន្រ្តី​មានប្រសាសន៍ថា តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងផ្តល់ជូនសហគមន៍មូលដ្ឋាន​ធ្វើការគ្រប់គ្រង ដើម្បី​លើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និង​បរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែល​ធ្វើ​ឡើងនៅព្រឹកមិញនេះរួមមាន ផ្លូវក្រាលគ្រួស​ក្រហម (ក្រាល​ថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ និងការបើកសម្ពោធផ្លូវឡើងភ្នំខ្នងផ្សារ និងការសម្ពោធ​បើកការ​សាងសង់ផ្លូវថ្មើជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចំងាយប្រមាណ ៤គ.ម ដែលក្នុងនោះក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់និងអាចអ្នកទេសចរណ៍បានសម្រាកផង និងអាចទទួលទានផងដែរ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់អ្នកទេសចរណ៍លោះងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មានដែលបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ នៅតាមកន្លែងសម្រាកនីមួយៗឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។

ក្នុងពេលខាងមុខ ក្រសួងបរិស្ថានក៏​គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្តនៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជាហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។ ជារួមការសាងសង់ទាំងនេះ មានលក្ខណៈស្តង់ដាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល នៅទីនេះ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព សម្រាប់កូនចៅតជំនាន់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម