ព័ត៌មានជាតិ
លោក ឈាង រ៉ា ណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ បន្តចាប់យកបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវា
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក នៅទីស្តីការក្រសួងសុខាភិបាល ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព។

បើតាមលោករដ្ឋមន្ត្រី ឧបករណ៍អេឡិចត្រូនិចទាំងនេះ គឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវ ប្តេជ្ញាពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ជាពិសេសបន្តចាប់យកបច្ចេកវិទ្យា ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសុខាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងលទ្ធផលអ្នកជំងឺ។

បន្ថែមពីនេះ ត្រូវបន្តប្តេជ្ញាចិត្តក្នុងការបម្រើសុខភាពជូនប្រជាជន ពិសេសសុខភាពសាធារណៈដោយផ្តល់អាទិភាព លើការថែទាំ និងធានាសេវាថែទាំសុខភាពអាចងាយទទួលយកបានសម្រាប់ប្រជាជនគ្រប់រូប។ ប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងគណនេយ្យភាព ដោយលើកកម្ពស់ស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់លើការបម្រើសេវា។ ព្រមទាំងបន្តការសិក្សារៀនសូត្រជាប្រចាំ ទាំងផ្នែកវិជ្ជាជីវៈ បទពិសោធន៍ល្អ និងបច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ។
បន្តកិច្ចសហការ និងបំពេញការងារជាក្រុមជាមួយសហភាតរៈ និងតួអង្គពាក់ព័ន្ធនានាក្នុងការលើកកម្ពស់គុណភាពសេវាជាអតិបរមា។ អនុវត្តការងារប្រកបដោយភាពបុរេសកម្ម ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយ នវានុវត្តន៍ និងមានភាពសម្រប។ យកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំឧបករណ៍អេឡិចត្រូនិកទាំងនេះ និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ដែលផ្គត់ផ្គង់ ពីប្រភពថវិកាជាតិ ឬពីគម្រោងនានាឱ្យបានល្អ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ វិស័យសុខាភិបាល និងនាឱកាសនេះបានផ្តល់នូវឧបករណ៍អេឡិចត្រូនិកទាំងនេះ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិតជាមានតម្លៃ សម្រាប់ផ្តល់ដល់មន្ត្រី បុគ្គលិក បម្រើសេវាសុខាភិបាលជូនដល់ប្រជាជន និងអ្នកជំងឺ៕






-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២២ ម៉ោង ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ចរាចរណ៍២០ ម៉ោង ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ