Connect with us

ព័ត៌មានជាតិ

ភរិយានាយករដ្ឋមន្ត្រី អំពាវនាវគាំទ្រយុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

បានផុស

នៅ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី្ន ឧត្តម​ភរិយា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​សប្បុរសជន គាំទ្រ​យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ក្នុង​មួយ​ថ្ងៃៗ បាន​ជួយ​អាយុជីវិត​កុមារ​កម្ពុជា​ជាច្រើន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​កុមារ​ទាំងអស់​នេះ កំពុង​តស៊ូ​ជាមួយ​នឹង​ជំងឺ​កាច​សាហាវ ក្រុម​គ្រូពេទ្យ បាន​ប្រឹងប្រែង​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ទាំងអស់​នេះ។ ពួកគាត់​រង់ចាំ​ការ​ផ្តល់​កម្លាំងចិត្ត និង​ការ​ស្រលាញ់​ពី​លោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់។ សូម​រួមគ្នា ដើម្បី​ផ្តល់​ការ​ស្រលាញ់ ផ្តល់​ក្តីសង្ឃឹម​ដល់​ចៅៗ និង​ក្មួយៗ ទាំងអស់​គ្នា​ផង​»។ ទាំងនេះ​គឺជា​ខ្លឹមសារ​លើ​ដែល​លោកជំទាវ​បណ្ឌិត​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន។

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន​កិត្តិយស នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​នេះ​ឡើង ខណៈ​យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» ឆ្នាំ ២០២៥ មាន​រយៈពេល ១ ខែ​ពេញ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០២៥ ដោយ​លោកជំទាវ​បណ្ឌិត នឹង​ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៥ នា​រាជធានី​ភ្នំពេញ។

យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» ជា​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​មួយ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា រៀបចំឡើង​ដើម្បី​ចូលរួម​អបអរសាទរ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​បំផុស​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​» ក៏ដូចជា​ការ​រម្លឹក​ឱ្យ​មាន​ការ​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ព្រមទាំង​ដើម្បី​ផ្សារ​ភ្ជាប់ ក៏ដូចជា​បង្កើន​សកម្មភាព​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត ដែល​បាន​បង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ , ក្រុមហ៊ុន​-​សហគ្រាស ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​, ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា ​ក្នុង​គោល​បំណង​នាំ​ភាព​ញញឹម និង​ក្តីសង្ឃឹម​ដល់​ទារក និង​កុមារ​នៅ​កម្ពុជា។

តាមរយៈ​សេចក្ដីជូនដំណឹង មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​អំពាវនាវ​ដល់​សាធារណជន​ , សប្បុរសជន ​, ក្រសួង​-​ស្ថាប័ន ​, ក្រុមហ៊ុន​-​សហគ្រាស ​, គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដៃគូ ​, តារា​សម្តែង និង​បុគ្គល​មាន​ប្រជាប្រិយ ព្រមទាំង​អង្គភាព សារព័ត៌មាន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​គាំទ្រ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» ឆ្នាំ ២០២៥ នេះ ឱ្យបាន​ទូលំទូលាយ​ , កាន់តែ​សកម្ម និង​ផុសផុល ដើម្បី​រួមគ្នា​នាំ​ភាព​ញញឹម និង​ក្តីសង្ឃឹម​ដល់​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ នៅ​កម្ពុជា ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»។

ដើម្បី​ចូលរួម​គាំទ្រ យុទ្ធនាការ «១ ម៉ឺន​រៀល ១ ម៉ឺន​នាក់​» ឆ្នាំ ២០២៥ សូម​បរិច្ចាគ​តាមរយៈ​លេខ​គណនី​របស់​មូលនិធិ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង ១៦ ដែល​ជា​ដៃគូ (​ដូច​មាន​ក្នុង​រូបភាព​ជូន​ភ្ជាប់​) ឬ​តាមរយៈ​គណនី​របស់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​ធនាគារ​អេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់​ប្រាក់​រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់​ប្រាក់​ដុល្លារ​អាមេរិក ឬ តាមរយៈ QR Code ខាងក្រោម​នេះ ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម