Connect with us

ព័ត៌មានជាតិ

កូន​ឈើ​៥​ម៉ឺន​៧​ពាន់​កូន ត្រៀម​ចែក​ជូន​សាធារណជន​នៅ​ខេត្ត​កោះកុងឥតគិតថ្លៃ

បានផុស

នៅ

កោះកុង ៖ មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ត្រៀមកូនឈើ៥ម៉ឺន៧ពាន់កូន ចែក​ជូន​សាធារណជន​ក្នុង​ខេត្ត​កោះកុង ដោយ​ឥតគិត​ថ្លៃ រយៈពេល៥ថ្ងៃ នៅ​មន្ទីរបរិស្ថានខេត្ត និង​នៅ​ស្នាក់​ការ​កណ្តាល​ឧទ្យានុរក្ស​ឬស្សី​ជ្រុំថ្មបាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​យុទ្ធនាការ​ «ពន្លកបៃតង» ពិធី​ចែក​កូន​ឈើ​ដោយ​ឥតគិត​ថ្លៃ រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បង្ហាញថា ឆ្នាំ២០២៥នេះ ក្រុមមន្រ្តីមន្ទីរបានបន្តបណ្តុះកូនឈើចម្រុះ​បាន​ជាង៥៧.២៨៩កូន ក្នុងនោះកូនត្នោត១៨.៣៤៧ដើម និងកូនកោងកាង១៦.៧១៤ដើម សម្រាប់ចែកជូនដោយឥតគិតថ្លៃដល់សាធារណជន។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តទៀតថា ឆ្នាំ២០២៤ មន្ទីរ​បាន​បណ្តុះ​កូន​ឈើ​ចម្រុះ​ចំនួន១២​ម៉ឺនកូន ហើយ​ចែក​ជូន​ដល់មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងវត្តអារ៉ាម ប្រជាពលរដ្ឋ និងគ្រឹះស្ថានរដ្ឋឯកជន ក្នុងគោលបំណងបង្កើនវិសាលក្នុងគម្របព្រៃឈើ លើកកម្ពស់និរន្តរភាពព្រៃ ទាក់ទាញភ្ញៀវទេសចរ និងសំដៅដល់ការប្រែក្លាយខេត្តជាខេត្តមានបរិស្ថានបៃតងល្អ ហើយធានាបានការរស់នៅប្រកបដោយចីរភាព។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោក ហ៊ុន ម៉ារ៉ាឌី បានស្នើសុំដល់គ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសាធារណជនទូទាំងខេត្តកោះកុង មេត្តាចូលរួមដាំស្តារកូនឈើឡើងវិញ ជៀសវាង​ការ​កាប់​បំផ្លាញ និងទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។ យុទ្ធនាការ​ចែក​កូន​ឈើ​ក្នុងខេត្តកោះកុង ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ សីហា តទៅ។

រីឯលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ជឿជាក់ថា ប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្ត នឹងបន្តស្មារតីចូលរួមដាដុះកូនឈើជានិរន្តរភាពទៅថ្ងៃអនាគត។ ព្រោះថា អត្ថប្រយោជន៍ព្រៃឈើ វាបានលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថានបៃតងខ្ចី និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដូច្នេះលោកស្រីអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបន្តដាំដុះកូនឈើឱ្យបានកាន់តែច្រើនបន្ថែមទៀត។

លោកស្រីអភិបាលខេត្ត មើលឃើញថា សន្ទុះនៃការមកទទួលយកកូនឈើទៅដាំក្នុងសហគមន៍ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ពី១ឆ្នាំទៅ១ឆ្នាំ ប៉ុន្តែទោះយ៉ាងណា លោកស្រី​ជំរុញ​ដល់​ពលរដ្ឋ​បន្ត​ចូល​រួមថែរក្សាបរិស្ថានអនាម័យតាមរយៈការមិនបោះចោលសំរាមតាមទីសាធារណជន ដោយរក្សាឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។

បច្ចុប្បន្ន រដ្ឋបាលខេត្តកោះកុងសហការជាមួយក្រសួងបរិស្ថាន ដើម្បី​រក​ដី​ដែល​មានទីតាំង​សមស្រប​ធ្វើទី​លាន​ចាក់សំរាមស្តង់ដារមួយ ហើយមានរយៈចម្ងាយពីលំនៅរបស់ពលរដ្ឋ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម