Connect with us

ព័ត៌មានជាតិ

ស្នងការរងនគរបាលជាតិ ជំរុញនគរបាលខេត្តមណ្ឌលគិរី ពង្រឹងទប់ស្កាត់ជួញដូរគ្រឿងញៀនតាមព្រំដែន

បានផុស

នៅ

អគ្គស្នងការរងនគរបាលជាតិលោក កឹង ឃន ជំរុញដល់មន្ត្រីនគរបាលទូទាំងខេត្តមណ្ឌលគិរី ត្រូវបន្តសកម្មភាពបង្ក្រាបការជួញដូរគ្រឿងញៀន និងជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ ព្រមទាំងទប់ស្កាត់បទល្មើសនានានៅតាមព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកនេះ ធ្វើឡើងនាឱកាស ចុះសួរសុខទុក្ខ ត្រួតពិនិត្យសកម្មភាពការងារ និងផ្ដល់គ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ ដែលជាអំណោយរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី ១១​​ ខែ សីហា ឆ្នាំ ២០២៥។

ក្នុងពិធីនេះ លោកជំរុញដល់មន្ត្រីនគរបាលទូទាំងខេត្តមណ្ឌលគិរី ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកសង្កត់ធ្ងន់ថា៖«ជាពិសេសការរឹតបន្តឹងសន្តិសុខតាមក្រវ៉ាត់ព្រំដែន ពីបញ្ហាការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់»។

លោកណែនាំថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំង កន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ជាពិសេស​ត្រូវត្រួតពិនិត្យឡើងវិញជាប្រចាំនូវសម្ភារៈ និងសព្វាវុធ។

ជាការឆ្លើយតប លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនប្រកបដោយ ស្មារតីទំនួលខុសត្រូវខ្ពស់នូវរាល់សេចក្ដី​ណែនាំ សេចក្តីសម្រេច បទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំរបស់ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពស្ថេរភាពសង្គម ដោយទទួលបាននូវលទ្ធផលល្អប្រសើរជាទីមោទនៈ។

បើតាមលោកស្នងការ នគរបាលខេត្តតែងតែអនុវត្តបទបញ្ជាខ្ជាប់ខ្ជាន់ ហើយនឹងខិតខំបន្ថែមទៀត ក្នុងការបង្ក្រាបបទ​ល្មើសជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដើម្បីសន្តិសុខ និងសុវត្ថិភាពសាធារណៈ។ សម្រាប់គ្រឿង​ឧបភោគ និងថវិកាទាំងនេះ លោកអះអាងថានឹងយកទៅបែងចែកដល់បណ្តាមន្ត្រីប៉ុស្តិ៍ការពារព្រំដែនទាំងអស់ ដែលកំពុងឈរជើងយាមល្បាតតាមបន្ទាត់ព្រំដែន ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម