Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ ៖ បេក្ខជនភៀសសឹក២នាក់ ដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រឡងនៅមណ្ឌលប្រឡងភ្នំពេញ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦សីហា នេះថា រហូតមកដល់ពេលនេះមានបេក្ខជនភៀសសឹកចំនួន២នាក់ បានដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រឡងនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរ បានបន្តថា បេក្ខជនភៀសសឹកទាំងពីរនាក់ក្នុងនោះ១នាក់មកពីខេត្តព្រះវិហារ និង១នាក់ទៀតមកពីខេត្តឧត្តរមានជ័យ ដែលជាតំបន់ងាយរងគ្រោះខ្លាំងដោយសារជម្លោះព្រំដែនរវាងកម្ពុជាថៃដែលបង្កឡើងដោយភាគីថៃ។

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចំនួន ២៣ លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួនពីរខេត្ត ទាំងព្រះវិហារ និងឧត្តរមានជ័យ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងនៅត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធី នៃដំណើរការប្រឡងជាបន្តទៀត។ ប៉ុន្តែក្រសួងបានណែនាំបេក្ខជននៅ ខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ចំពោះបេក្ខជននៅឧត្តរមានជ័យត្រូវបានលើកមកប្រឡងនៅស្រុកពួកខេត្តសៀមរាបវិញដើម្បីធានាសុវត្តិភាពដល់បេក្ខជន។

លោកបណ្ឌិត សភា ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងបាក់ឌុបដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួលអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។

ក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

លោក ឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

ក្រសួងអប់រំយុវជននិងកីឡានឹងបិទផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅតាមមណ្ឌលប្រឡងនានាចំនួនពីរលើកដោយលើកទី១នៅថ្ងៃទី១៨សីហាសម្រាប់បេក្ខជនខេត្តព្រះវិហារនិងឧត្តរមានជ័យនិងខេត្តផ្សេងៗនៅថ្ងៃទី២១សីហានិងលើកទី២នៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ ខណៈដំណើរការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨និង២៩សីហាខាងមុខនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម