Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរសាធារណការ ខេត្តមណ្ឌលគិរី បញ្ជាក់មូលហេតុដែលមិនទាន់ជួសជុលផ្លូវខូចខាត ក្នុងក្រុងសែនមនោរម្យ

បានផុស

នៅ

មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តមណ្ឌលគិរី បានដើរពិនិត្យមើលផ្លូវដែលរងការខូចខាត ក្នុងក្រុងសែនមនោរម្យជាប្រចាំ ប៉ុន្តែដោយសារមួយរយៈនេះ ភ្លៀងធ្លាក់ញឹកញាប់ពេក ជាហេតុធ្វើឱ្យជំនាញពិបាកស្ថាបនាជួសជុលផ្លូវទាំងនោះ និងត្រូវរង់ចាំប្រហែលមួយរយៈពេលខ្លីទៀត ដើម្បីជួសជុលស្ថាបនា។

នេះបើតាមការបញ្ជាក់របស់ លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី ក្រោយមានការលើកឡើង និងស្នើសុំឱ្យមន្ទីរសាធារណការ ត្រួតពិនិត្យផ្លូវដែលរងការខូចខាត ក្នុងក្រុងសែនមនោរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា ផ្លូវក្រាលកៅស៊ូដែលមន្ទីរសាធារណការខេត្តមណ្ឌលគិរី បានស្ថាបនាជួសជុលនាពេលថ្មីៗកន្លងទៅបានរងការខូចខាតឡើងវិញស្ទើរទាំងស្រុង ខណៈពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ បានស្នើឱ្យមន្ត្រីជំនាញពិនិត្យ និងស្ថាបនាជួសជុលឡើងវិញ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរនារដូវវស្សានេះ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

បើតាមលោក ភាព វ័យ៤៥ឆ្នាំ ពលរដ្ឋម្នាក់រស់នៅក្នុងក្រុងសែនមនោរម្យ បានប្រាប់កម្ពុជាថ្មីថា កន្លងទៅ មន្រ្តីជំនាញមន្ទីរសាធារណការខេត្ត បានជួសជុលផ្លូវកៅស៊ូដែលរងការខូចខាត ពីចំណុចមុខមន្ទីរសាធារណការខេត្ត ឆ្ពោះទៅផ្លូវបំបែកដំណាក់ស្ដេចភូមិពូត្រំ ប៉ុន្តែការជួសជុលស្ថាបនានោះ ហាក់ដូចជាមិនសូវជាមានគុណភាពនោះទេ។

ពលរដ្ឋរូបនេះបញ្ជាក់ទៀតថា ក្រោយការជួសជុលស្ថាបនាបានប្រហែលពីរខែប៉ុណ្ណោះ ផ្លូវនោះ ក៏រងការខូចខាតឡើងវិញស្ទើរទាំងស្រុង ជាហេតុធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ ជួបការលំបាកក្នុងការធ្វើដំណើរ ជាពិសេស គឺការធ្វើដំណើរនៅពេលយប់តែម្តង ក៏ព្រោះតែមានជង្ហុកធំៗ ហើយពេលមានភ្លៀងម្តងៗ គឺប្រឈមនឹងគ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ណាស់។ អាស្រ័យហេតុនេះ លោកស្នើដល់មន្ត្រីជំនាញមន្ទីរសាធារណការខេត្ត ជួយត្រួតពិនិត្យឡើងវិញ ដើម្បីស្ថាបនាជួសជុលផ្លូវនេះសាជាថ្មីឱ្យមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក វណ្ណា អាយុ ៤១ឆ្នាំរស់នៅក្រុងសែនមនោរម្យដូចគ្នា ក៏បានលើកឡើងផងដែរថា កន្លងទៅលោកឃើញមន្ទីរជំនាញបានស្ថាបនាជួសជុលពីចំណុចផ្លូវបំបែកភ្នំចាក់សំរាម ឆ្ពោះទៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ប៉ុន្តែការស្ថាបនានោះបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយផ្លូវដែលមានរង្វង់ដក់ទឹកដូចសម្បុកមាន់ បានផុសចេញឡើងវិញ។ ដែលពួកគាត់ឆ្លងកាត់ផ្លូវនេះ ស្ទើរាល់ថ្ងៃលំបាកពេលដែលធ្វើដំណើរម្តងៗផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា កន្លងទៅមន្ត្រីជំនាញក៏បានស្ថាបនាជួសជុលល្អស្អាតហើយដែរ ខណៈនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ ឯកិច្ចការត្រួតពិនិត្យផ្លូវ មន្ទីរជំនាញតែងដើរពិនិត្យមើលផ្លូវដែលរងការខូចខាតជាប្រចាំ ប៉ុន្តែដោយសារមួយរយៈនេះ អាកាសធាតុភ្លៀងញឹកញាប់ខ្លាំងពេក ជាហេតុធ្វើឱ្យជំនាញពិបាកស្ថាបនាជួសជុលផ្លូវទាំងនោះ។

អាស្រ័យហេតុនេះ ក្នុងកិច្ចការជួសជុលផ្លូវឡើងវិញ ត្រូវចាំមួយរយៈពេលខ្លីខាងមុខទៀត។ លោកថា បើមេឃរាំងស្រឡះល្អលោកនឹងចាត់ក្រុមការងារទៅស្ថាបនាជួសជុលផ្លូវទាំងនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម