ព័ត៌មានជាតិ
ជាងចម្លាក់ថ្មនៅតាមប្រាសាទបុរាណ ភាគច្រើនជាអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ
លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់បុរាណនៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ខណៈចម្លាក់ក្បាច់មួយចំនួនមានការខូចខាត ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។

លោក តឹក ទត់ ឱ្យដឹងថា គាត់បានធ្វើការជាអ្នកឆ្លាក់ក្បាច់ចម្លាក់នៅលើថ្មតាមការដ្ឋានជួសជុលប្រាសាទបុរាណរយៈពេលជាង៣០ឆ្នាំមកហើយ។ លោកបានចូលធ្វើការជាអ្នកជួសជុលប្រាសាទបុរាណ ដំបូងជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (JSA) ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩០។ ចាប់តាំងពីពេលនោះមក លោកបានចាប់យកជំនាញជាអ្នកឆ្លាក់ក្បាច់ចម្លាក់លើថ្មនៅតាមប្រាសាទបុរាណ នៅត្រង់កន្លែងណាដែលបាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យឃើញចម្លាក់ឡើងវិញទៅតាមទម្រង់ដែលធ្លាប់មានពីមុន។

លោក តឹក ទត់ បានរៀនសូត្រផ្នែកអក្សរសាស្រ្តខ្មែរត្រឹមថ្នាក់ទី៤ បឋមសិក្សាប៉ុណ្ណោះ ក៏ប៉ុន្តែ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ លោកមានស្នាដៃជួសជុលប្រាសាទបុរាណជាច្រើនដូចជា បណ្ណាល័យនៅប្រាសាទបាយ័ន បណ្ណាល័យរបស់ប្រាសាទអង្គរវត្ត ប្រាសាទនាង១២ ប្រាសាទចៅសាយទេវតា ប្រាសាទតាព្រហ្ម និងប្រាសាទតុបជាដើម។ ស្នាដៃចម្លាក់លើថ្មរបស់លោក ក៏បានបន្សល់ទុកនៅតាមផ្ទាំងថ្មនៃប្រាសាទទាំងនោះដែរ។ ចម្លាក់លើថ្មប្រាសាទ ដែលជាស្នាដៃរបស់គាត់ គឺមានដូចជា ក្បាច់ត្របកឈូក ក្បាច់ផ្កាផ្ញី ក្បាច់រាហ៊ូ រូបអប្សរា និងរូបសត្វមួយចំនួនទៀត។

លោក តឹក ទត់ ធ្លាប់ទទួលបានការបណ្តុះបណ្តាលទ្រឹស្ដីផ្នែកចម្លាក់ថ្មពីក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ (JSA) ហើយទទួលបានការអនុវត្តន៍ផ្ទាល់ពីគ្រូខ្មែរ នៅតាមការដ្ឋានជួសជុលប្រាសាទនានាជាច្រើនឆ្នាំ។ ក្រៅពីរូបលោក លោកក៏មានកូនប្រុស២នាក់ ក្នុងចំណោមកូនទាំង៥នាក់មាននិស្ស័យខាងចម្លាក់ដូចរូបគាត់ដែរ។ បច្ចុប្បន្ន ថ្វីត្បិតតែកូនប្រុសរបស់គាត់២នាក់ ដែលចេះជំនាញខាងឆ្លាក់ក្បាច់ និងរូបនៅលើថ្មក្តី ក៏ពួកគេមិនបានចូលធ្វើការងារជាអ្នកជួសជុលប្រាសាទនោះទេ គឹធ្វើការងារជាជាងចម្លាក់ឱ្យក្រុមហ៊ុនឯកជន។

ស្ថិតក្នុងវ័យជិត៦០ឆ្នាំទៅហើយ លោក តឹក ទត់ ហាក់ដឹងថា វ័យរបស់លោកកាន់តែចាស់ហើយ ពេលវេលាដែលផ្ដល់ឱ្យរូបលោកចូលរួមក្នុងការងារជួសជុលប្រាសាទបុរាណ នឹងមិនមានច្រើនទៀតឡើយ។ លោកក៏បានផ្ដាំផ្ញើថា ប្រសិនបើបាត់រូបលោកពីលើផែនដីនេះទៅ សូមកូនខ្មែរដែលបានមកទស្សនាប្រាសាទបុរាណ ហើយឃើញចម្លាក់ដែលបានចារទុកថ្មីៗនៅតាមប្រាសាទ គឺសូមឱ្យគ្រប់គ្នារម្លឹកដល់ឈ្មោះរបស់លោកផង។ បន្ថែមលើនេះ លោកក៏អំពាវនាវឱ្យកូនខ្មែរ ត្រូវតែរួមគ្នាជួយថែរក្សាសិល្បៈ ដ៏មានតម្លៃរបស់ដូនតាខ្មែរ ព្រមទាំងខំរៀនសូត្រអំពីក្បួនឆ្លាក់ថ្មទាំងនេះ ដើម្បីធ្វើជាអ្នកបន្តវេនទៅជំនាន់ក្រោយ កុំឱ្យបាត់បង់មរតកសិល្បៈដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ។

លោកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសខាងជួសជុលថ្មរបស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ Korea Heritage Agency (KHA) ទទួលស្គាល់ថា ស្នាដៃចម្លាក់លើថ្មរបស់លោក តឹក ទត់ គឺល្អ ដែលទទួលបានការកោតសរសើរពីអ្នកជំនាញអន្តរជាតិ និងអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ ជុន កុសល


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


