Connect with us

ព័ត៌មានជាតិ

ប្រធានសភា៖ កម្ពុជា​មិនអនុញ្ញាតឱ្យ​ការ​យកប្រជាធិបតេយ្យជាលេស​ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ឡើយ

បានផុស

នៅ

ប្រធានរដ្ឋសភា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ថ្លែង​ថា​កម្ពុជា​គោរព​នូវ​សិទ្ធិសេរីភាព ការ​ធានា​នូវ​សន្ដិភាព​ជូន​ប្រជាជន និងប្រជាធិបតេយ្យតែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការយក​លេស​ប្រជាធិបតេយ្យ​ឱ្យ​មាន​ការផ្ដួលរំលំរដ្ឋាភិបាល​ស្រប​ច្បាប់​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពេល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាង​វិស័យអភិវឌ្ឍន៍​តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន នៃ​សភា​អូស្ត្រាលីលោកស្រី ហ្វីអូណា ហ្វីលីព (Fiona Phillip) នៅវិមាន​រដ្ឋសភា​កាលពីព្រឹក​ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២៥​នេះ សម្ដេច​សភាធិបតី ឃួន សុដារី ថ្លែង​ថា កម្ពុជា​ស្គាល់​ច្បាស់​ពី​សង្គ្រាមនិង​ធ្វើ​យ៉ាង​ណា​បញ្ជៀស​ទុក្ខវេទនាពី​សង្គ្រាម​ឱ្យ​បាន ស្របគ្នា​នឹង​ដំណើរ​ការ​នៃការ​អនុវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញស្របតាម​បរិបទ​របស់​កម្ពុជា។

ប្រធានខុទ្ទកាល័យ​សម្ដេច​ប្រធានសភាលោក កែវ ពិសិដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «សម្ដេច​បានបញ្ជាក់​ថា​កម្ពុជា​មាន​ការ​ប្ដេជ្ញាចិត្ត​ហើយ​បានលើក​កម្ពស់​លិទ្ធិ​ប្រជាធិបតេយ្យ​បាន​ពេញ​លេញ​និង​អនុវត្ត​ន៍​បាន​ម៉ឺងម៉ាត់​បំផុត​ដោយ​យើង​បាន​អនុវត្តន៍​នូវ​ការ​បោះឆ្នោត​ជា​ប្រចាំ​តាម​លិទ្ធិ​ប្រជាធិបតេយ្យ​ក៏​ប៉ុន្ដែ​យើង​បញ្ជាក់​ច្បាស់​ថា​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ការ​ប្រើប្រាស់​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ជា​យន្ត​ការ​ក្នុង​ការផ្ដួល​រំលំរដ្ឋាភិបាល​ស្រប​ច្បាប់​ឡើយ​»។

លោកស្រី ហ្វីអូណា ហ្វីលីព បាន​បង្ហាញ​ការ​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​សភាធិបតីអំពី​តម្លៃ​សន្ដិភាព និង​កោត​សរសើរ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជានៅពេល​បច្ចុប្បន្ន​ផងដែរ។

​សម្ដេច​សភា​ធិបតីក៏​បាន​លើក​ឡើងពី​តម្លៃ​នៃ​សន្ដិភាពដែល​ត្រូវ​តែ​ថែរក្សា ហើយ​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ធម្មនុញ្ញា​អង្គការ​សហប្រជាជាតិ និង​គោល​ការណ៍​ច្បាប់​អន្តរជាតិ។ ជាមួយគ្នា​នេះ​សម្តេចបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល សភា និងប្រជាពលរដ្ឋអូស្រ្តាលី ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ រួមចំណែកដល់ការស្តារ ថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ 

សម្តេចបានស្នើអូស្រ្តាលី ពិនិត្យលទ្ធភាពបង្កើនការវិនិយោគ និងគំាទ្រដល់ការអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត ទំាងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ពិសេសជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជានិងអូស្រ្តាលី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម