Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបង្កើនការប្រុងប្រយ័ត្ន ចៀសវាងប៉ះពាល់សុខភាព និងអាយុជីវិត

បានផុស

នៅ

ក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់និងជំនន់ទឹកភ្លៀងសូមបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុនក្នុងការឆ្លើយតប ដើម្បីការពារខ្លួន និងគ្រួសារពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ចៀសវាងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកនេះបានធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចខេត្តចំនួន៩បង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋ ផ្ទះសម្បែង ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

នៅក្នុងសារវីដេអូអប់រំខ្លីស្តីពីការការពារសុខភាពត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានទឹកជំនន់មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ។

នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពដើម្បីការពារពេលមានការលិចលង់ចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក និងពន្យល់កុមារពីគ្រោះថ្នាក់ នៃ ការលង់ទឹក ក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ព្រមទាំងប្រើអាវពោងសុវត្ថិភាព ឬប៊ីដុង ជ័រគ្រប់ពេលកុមារចេញពីផ្ទះត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ។

ក្រសួងសុខាភិបាលបានណែនាំទៀតថា ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។ ត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល៣០នាទីមុនប្រើប្រាស់)ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាតចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបាន ជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុននិង ក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបង្ការនូវការកើតជំងឺសើស្បែក ពងទឹក កមរមាស់ជាដើម។

ជាមួយគ្នានេះដែរក្រោយពេលទឹកជំនន់ត្រូវបន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត
ដើម្បីចៀសវាងនូវជំងឺផ្សេងៗត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិកនិងជំងឺផ្សេងៗទៀតត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វ អសិរពិសផ្សេងៗ។ អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាព កខ្វក់និងមេរោគជាច្រើនរស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឱ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោលដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ដោយស្តារ និងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ច ជាកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់ខេត្តចំនួន៩រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ និងត្បូងឃ្មុំបានប៉ះពាល់ប្រជាពលរដ្ឋចំនួន២១,៣៥៧ គ្រួសារ ផ្ទះប៉ះពាល់ចំនួន១៧,៣៤៨ ខ្នង ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន១,០៣៧ គ្រួសារ ស្រូវប៉ះពាល់ចំនួន១២,៧៩១ ហិកតាកើន ២,០៦១ ហតក្នុងនោះស្រូវខូចខាតចំនួន២៦៧ ហិកតាកើន ៣៨ ហិកតា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម