Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ

បានផុស

នៅ

លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅក្នុងថ្ងៃទី៩ ខែតុលា ដើម្បីរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍រួមឱ្យគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី០៧ ខែតុលា នេះ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

ក្រសួងការបរទេសកម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចការងាររបស់ លោក Roosevelt Skerrit មកកាន់កម្ពុជានាពេលនេះ ថានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ។

កុំមិនវែលដូមីនីក  ជាប្រទេសដែនកោះ នៃសមុទ្រការ៉ាប៊ីន ដែលមានប្រជាជនប្រមាណតែ៧ម៉ឺននាក់ប៉ុណ្ណោះ។ ប្រទេសនេះ ទទួលបានឯករាជ្យនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ១៩៧៨  និងបានក្លាយជាសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨។

កម្ពុជា និងកុំមិនវែលដូមីនីក បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ២០១០ ក្នុងគ្រាដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។ គិតត្រឹមឆ្នាំ២០២៥ នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដល់វ័យ១៥ឆ្នាំហើយ។ ប្រទេសទាំងពីរធ្លាប់បាន ប្រកាសគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌពហុភាគី និងជាពិសេសនៅអង្គការសហប្រជាជាតិ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម