ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ព្រមានទុកពេលឱ្យអ៊ីស្រាអែល ២ខែ ដើម្បីដកទ័ពចេញពីលីបង់
លោក Mohammad Raad ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា បានចេញមុខព្រមានចំៗទៅកាន់ប្រទេសអ៊ីស្រាអែល ដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អ៊ីស្រាអែលមានពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ឈប់ការឈ្លានពាន និងដកកងទ័ពទាំងអស់ចេញពីទឹកដីលីបង់។

តាមការផ្សាយរបស់សារព័ត៌មាន TRT World នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ការព្រមាននេះ បានធ្វើឡើងចំពេលដែលកងទ័ពអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើលីបង់ជារៀងរាល់ថ្ងៃ និងបដិសេធដកកម្លាំងចេញពីតំបន់ភាគខាងត្បូង បើទោះបីជាមានកិច្ចព្រមព្រៀងថ្មីមួយរវាងអាមេរិក និងអ៊ីរ៉ង់ ដែលតម្រូវឱ្យមានការបញ្ឈប់សង្គ្រាមភ្លាមៗក៏ដោយ។
ទន្ទឹមនឹងការព្រមាននេះ លោក Raad ក៏បានជំរុញឱ្យរដ្ឋាភិបាលលីបង់ ពិនិត្យមើលកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់នោះឱ្យបានច្បាស់លាស់ និងកុំមើលស្រាលលើសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការទប់ទល់ជាមួយអ៊ីស្រាអែលឱ្យសោះ បើអ៊ីស្រាអែលនៅតែរឹងរូសបំពានកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងដែលទើបតែចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃព្រហស្បតិ៍ គឺធ្វើឡើងក្នុងគោលបំណងបញ្ចប់ជម្លោះ និងធានាដល់បូរណភាពទឹកដីរបស់លីបង់ ប៉ុន្តែវាក៏តម្រូវឱ្យអាមេរិក និងអ៊ីរ៉ង់ចរចាគ្នារយៈពេល ៦០ថ្ងៃបន្តទៀតផងដែរ។
ជាងនេះទៅទៀត មេដឹកនាំហេសបូឡារូបនេះ បានដាស់តឿនរដ្ឋាភិបាលលីបង់ កុំឱ្យជួបចរចាផ្ទាល់ជាមួយអ៊ីស្រាអែល ក្នុងបំណងមករំលាយក្រុមហេសបូឡាឱ្យសោះ ព្រោះវាគ្មានចំណេញអ្វីដល់ប្រទេសជាតិឡើយ ហើយលោកក៏បានសង្កត់ធ្ងន់ថា ផែនការកម្ទេចក្រុមហេសបូឡារបស់អ៊ីស្រាអែលគឺបានបរាជ័យទាំងស្រុងទៅហើយ។ ការលើកឡើងបែបនេះ បានកើតឡើងមុនពេលដែលលីបង់ និងអ៊ីស្រាអែល គ្រោងនឹងជួបចរចាគ្នាជាលើកទីប្រាំនៅសប្តាហ៍ក្រោយ ដោយកាលពីជុំមុន ភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាថានឹងឈប់បាញ់ បើសិនជាក្រុមហេសបូឡាព្រមដកថយពីតំបន់ព្រំដែន។
មុនការប្រកាសរបស់ក្រុមហេសបូឡា ប្រធានាធិបតីលីបង់ លោក Joseph Aoun ក៏បានជួបណែនាំដល់ក្រុមការងារចរចារបស់ខ្លួន មុនពេលពួកគេចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោកប្រធានាធិបតី បានបង្គាប់ឱ្យក្រុមការងារប្រកាន់ជំហររឹងមាំ ដោយទាមទារឱ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍ ឱ្យអ៊ីស្រាអែលដកទ័ពចេញ ដោះលែងអ្នកទោសលីបង់ និងចាប់ផ្តើមស្តារប្រទេសឡើងវិញ។
សូមជម្រាបថា គិតចាប់តាំងពីដើមខែមីនាមក ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឱ្យប្រជាជនលីបង់ជិត ៤ ០០០នាក់បាត់បង់ជីវិត របួសជាង ១ម៉ឺននាក់ និងជាង ១លាននាក់ត្រូវរត់ភៀសខ្លួនពីផ្ទះសម្បែង ខណៈដែលកងទ័ពអ៊ីស្រាអែល បានវាយលុកចូលជ្រៅក្នុងទឹកដីលីបង់ជាង ១០គីឡូម៉ែត្រទៅហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


