នយោបាយ
លោក ហ៊ុន ម៉ាណែត ផ្តាំផ្ញើយុវជនគណបក្សប្រជាជនកម្ពុជាចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម
លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្តាំផ្ញើឲ្យយុវជនគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។ លោកផ្តាំផ្ញើបែបនេះ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តសៀមរាប នៅក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ព្រោះជាទីតាំងដែលសម្បូរទៅដោយបេតិកភ័ណ្ឌជាតិ ដែលបុព្វបុរសបានបន្សល់ទុកឱ្យយើងបន្តថែរក្សាទុកឱ្យកូនចៅជំនាន់ក្រោយតទៅទៀត។ ក្នុងន័យនេះ ការអភិវឌ្ឍ និងការអភិរក្សត្រូវដើរទន្ទឹមគ្នា ដោយឈរលើគោលការណ៍សម្លឹងមើលគុណប្រយោជន៍សម្រាប់ព្រៃទាំងមូល មិនមែនសម្រាប់តែដើមឈើមួយដើមនោះទេ។
លោកថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពាសពេញផ្ទៃប្រទេស។ ថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួនតែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមាន ជាអាទិ៍ ការបើកដំណើរការមណ្ឌលព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលាក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាតឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ត្រឹមត្រូវរបស់ក្រុមបច្ចេកទេសជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។

បើតាមលោក ហ៊ុន ម៉ាណែត ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រងបានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះ បានជួយឱ្យកម្ពុជា ឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខុមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេចក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ នៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


