នយោបាយ
គ.ជ.ប ដោះស្រាយបណ្ដឹងពាក់ព័ន្ធបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតបានជាង ៣០បណ្ដឹងហើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដោះស្រាយពាក្យបណ្ដឹង ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតបានជាង ៣០បណ្ដឹងហើយ ដែលបានមកកាន់ គ.ជ.ប។ បណ្ដឹងភាគច្រើន គឺស្នើសុំឲ្យដកបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ។
លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ២២ ខែមីនានេះថា មកដល់ពេលនេះ គ.ជ.ប បានដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹង បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះ ឆ្នោតបានជាង ៣០បណ្ដឹងហើយ ដែលបានដាក់មក គ.ជ.ប។ ចំពោះបណ្ដឹងដែលនៅសល់នឹងត្រូវដោះស្រាយ ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។
តាមលោកបណ្ឌិត ហង្ស ពុទ្ធា បណ្ដឹងមានដាក់នៅគណៈកម្មការឃុំ-សង្កាត់, គណៈកម្មការរាជធានី-ខេត្ត, និងនៅគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោកថា «បណ្ដឹងមាននៅថ្នាក់ឃុំ-សង្កាត់ នៅថ្នាក់គណៈកម្មការរៀបចំការបោះឆ្នោត និងនៅថ្នាក់ គ.ជ.ប ដោយឡែកនៅថ្នាក់ គ.ជ.ប គឺបណ្ដឹងជាង ៣០បណ្ដឹង គឺបានមកដល់ ហើយ គ.ជ.ប កំពុងតែដោះស្រាយ និងគោរពទៅតាមប្រតិទិន នៃការដោះស្រាយពាក្យបណ្ដឹង»។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា បណ្ដឹងភាគច្រើនដែលមកដល់ គ.ជ.ប គឺប្ដឹងស្នើសុំឲ្យដកបេក្ខជនឈរឈ្មោះបោះ ឆ្នោត ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ។ លោកបន្ថែមថា «បាទ! គឺបណ្ដឹងពាក់ព័ន្ធនឹងការស្នើសុំឲ្យដកឈ្មោះបេក្ខជន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយហេតុថា បេក្ខជនឈរឈ្មោះ នៃគណបក្សនយោបាយដែលរងបណ្ដឹងនោះ គាត់អត់ចេះអក្សរ អត់ចេះអាន និងសរសេរអក្សរខ្មែរ»។
លោកបណ្ឌិត ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ប្រសិនបើនៅតែមានអ្នកប្ដឹង ពាក់ព័ន្ធនឹងបញ្ហាបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ គឺការដោះស្រាយរបស់ គ.ជ.ប នឹងនៅតែបន្តធ្វើទៀត។ ប៉ុន្តែយ៉ាងយូរបំផុត បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ មានគណបក្សនយោបាយ ប្រមាណ ១៧គណបក្ស បានដាក់បេក្ខជនឈរឈ្មោះ ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


