នយោបាយ
គ.ជ.ប បណ្ដុះបណ្ដាលឲ្យមន្ត្រីចេះប្រើប្រាស់កម្មវិធី GPS ដើម្បីបម្រើឲ្យការបោះឆ្នោត នាពេលខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសមាជិកប្រតិបត្តិការស្ដីពី ”ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត”។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលជាអធិបតីក្នុងពិធីនោះបានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខដ៏ខ្លីនេះ ហើយផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គ.ជ.ប ត្រូវបង្កើតការិយាល័យបោះឆ្នោតមួយ ឬច្រើនសម្រាប់ឃុំ សង្កាត់នីមួយៗ ស្របតាមបទបញ្ជា និងនីតិវិធីរបស់ខ្លួន។

បើតាមលោក ម៉ុក ដារ៉ា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដើម្បីជាជំនួយដល់ការអនុវត្តរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានី ខេត្ត និងដើម្បីបង្កើនប្រសិទ្ធភាព និងបង្ហាញពីតម្លាភាព សុចរិតភាព នៅក្នុងការងាររៀបចំ ចាត់ចែងការបោះឆ្នោត ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គឺអ្នកបោះឆ្នោត និងគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

លោក ម៉ុក ដារ៉ា អះអាងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត សាលាឃុំ សង្កាត់ ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងទីស្នាក់ការគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលទីតាំងទាំងនេះសុទ្ធតែត្រូវបានកំណត់ និងបង្កើតឡើងដើម្បីបម្រើឱ្យការងារបោះឆ្នោត។

គួររំលឹកថា នៅក្នុងឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានផ្តួចផ្តើមសិក្សាលំហូរ និងរៀបចំអភិវឌ្ឍន៍លើប្រព័ន្ធកម្មវិធីគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត ដោយរួមបញ្ចូលទីតាំងសំខាន់ៗបន្ថែមទៀតដូចជា ទីស្នាក់ការ គធ.ខប ទីស្នាក់ការ គឃ.សប និងសាលាឃុំ សង្កាត់ ដើម្បីផ្តល់ភាពងាយស្រួល និងបង្ខិតសេវាបោះឆ្នោតឱ្យកាន់តែកៀកអ្នកបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមបរិបទនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្ម ៤.០៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


