នយោបាយ
តើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចបញ្ចប់ក្នុងពេលឆាប់ៗនេះទេ?
គិតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានអូសបន្លាយប្រមាណ៧ខែមកហើយតាំងពីខែកុម្ភៈមក។ ក៏ប៉ុន្តែ ស្ថានភាពនៃសង្រ្គាមនេះ ហាក់មិនទាន់មានភាពធូរស្រាលនៅឡើយ ពោល គឺនៅតែបន្តភាពក្តៅគគុកដដែលរវាងប្រទេសទាំង២ ហើយក៏ជះឥទ្ធិពលដល់ពិភពលោកទាំងមូលដូចគ្នា។ តើសង្គ្រាមមួយនេះ អាចបញ្ចប់បាននៅពេលណា?

សង្គ្រាមនៃប្រទេសទាំង២ មិនត្រឹមតែខាតបង់ត្រឹមតែក្នុងប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលទទួលរងនូវឥទ្ធិពលពីសង្គ្រាមនេះដូចគ្នា ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេស តម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក។ រីឯ ផ្នែកនយោបាយ ផ្នែកទេសចរណ៍ ឬ ផ្នែកដទៃផ្សេងទៀត ក៏ជួបបញ្ហាដូចគ្នាដែរ។ បញ្ហាទាំងអស់នេះ ជារឿងមួយដែលពិភពលោកព្រួយបារម្ភជាខ្លាំង ហើយក៏គ្មាននរណាម្នាក់អាចដឹងបានឡើយថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់នៅពេលណា។

លោក ពុយ គា អ្នកកាសែតជើងចាស់នៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានថ្លែងប្រាប់“កម្ពុជាថ្មី”ថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែជាបញ្ហាក្តៅគគុកនៅឡើយ ព្រោះសព្វាវុធរបស់ភាគីអ៊ុយក្រែន ត្រូវបានឧបត្ថម្ភជាបន្តបន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិកជាដើម។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាទិដ្ឋភាពខាងក្រៅមើលទៅហាក់ដូចជាអ៊ុយក្រែនកំពុងតែមានប្រៀបជាងរុស្ស៊ី ដោយដណ្តើមបានទឹកដីរាប់ពាន់គីឡូម៉ែត្រការ៉េមែនពិត ក៏ប៉ុន្តែ ទាំងនេះអាចជាយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមក៏ថាបាន។
ក្នុងករណីដែលអ៊ុយក្រែនដណ្តើមបានទឹកដីជាច្រើនពីរុស្ស៊ីនេះ លោក ពុយ គា មានប្រសាសន៍ថា៖ “តាមការបកស្រាយពីខាងរុស្ស៊ី គាត់ថា រហូតមកដល់ពេលនេះ គឺគាត់ប្រើសុទ្ធតែទ័ពតំបន់ទេ អត់ទាន់បានប្រើទ័ពជាតិទេ។ ក្នុងបរិបទនេះ គេសួរថា ចុះពេលអ៊ុយក្រែនគាត់វ៉ៃដណ្តើមបានហ្នឹង មានន័យថាបាក់ទ័ពហើយមែនទេ? មានការបកស្រាយខាងរុស្ស៊ីថា នេះ គឺជាយុទ្ធសាស្ត្រដែលគាត់ត្រូវរៀបចំឡើងវិញ”។

ចំណែក លោកស្រីបណ្ឌិត អ៉ឹម សុខសម្ផស្ស អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៃមជ្ឈមណ្ឌលខេមរសិក្សា ក៏បានមើលឃើញពីបញ្ហាខាងលើ មិនខុសពីលោក ពុយ គា ប៉ុន្មានដែរ។ លោកស្រីបណ្ឌិត សុខសម្ផស្ស យល់ថា បច្ចុប្បន្ននេះ អ៊ុយក្រែនហាក់កំពុងមានប្រៀបលើរុស្ស៊ីពិតមែន ព្រោះលោកខាងលិច និងអាមេរិក មិនត្រឹមតែផ្តល់ជាជំនួយផ្នែកសព្វាវុធដល់អ៊ុយក្រែន ប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាជំនួយមនុស្សធម៌ផ្សេងទៀត ដើម្បីឲ្យអ៊ុយក្រែនមានកម្លាំងតស៊ូជាមួយរុស្ស៊ីបន្ថែមទៀត។ លោកស្រីបណ្ឌិត បានបន្ថែមថា សង្គ្រាមរបស់ប្រទេសទាំង២មិនងាយនឹងបញ្ចប់នោះទេ ព្រោះគ្មានសញ្ញាពីភាគីណាមួយដែលចង់ធ្វើការចរចារជាមួយគ្នា ដើម្បីស្វែងរកសន្តិភាពឡើយ។
រីឯ លោកបណ្ឌិត ផាត កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យញ៉ូយ៉ក និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីវិញ បានមើលឃើញពីការមានប្រៀបរបស់អ៊ុយក្រែនលើរុស្ស៊ីថា ជាបញ្ហាមួយដែលពិបាកនឹងថ្លឹងថ្លែង ព្រោះស្ថានភាពនយោបាយ និងសង្គ្រាម អាចផ្លាស់ប្តូរបានគ្រប់ពេលវេលា។ ម្យ៉ាងវិញទៀត សង្គ្រាមរវាងប្រទេសទាំង២ ជាសង្គ្រាមដែលរ៉ាំរ៉ៃពិបាកក្នុងការទស្សន៍ទាយថា អាចនឹងបញ្ចប់នៅពេលណាបាន។

យ៉ាងណាក៏ដោយ អ្នកជំនាញទាំង៣រូបខាងលើ បានសង្កត់ធ្ងន់ជារួមនៃបញ្ហាទាំងមូលថា ដើម្បីដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន និងរុស្ស៊ីបាន គឺមានតែកិច្ចចរចារមួយប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្នុងនាមកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកាខាងមុខ ដោយមានប្រទេសជាច្រើនចូលរួម បូករួមទាំងប្រទេសមហាអំណាចជាដៃគូផងនោះ មានមតិជាច្រើនបានយល់ថា ភាគីពាក់ព័ន្ធទាំងអស់អាចលើកយកបញ្ហានៅរុស្ស៊ី និងអ៊ុយក្រែនមកប្រជុំ និងពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយមួយសម្រាប់ប្រទេសទាំង២៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


