Connect with us

ចរាចរណ៍

៦ចំណុចទៅកាន់​ភាគីថៃ ដើម្បីពង្រឹង​វិស័យទេសចរណ៍រវាងកម្ពុជា-ថៃ ទាំងក្នុង និងក្រោយវិបត្តិកូវីដ-១៩​​

បានផុស

នៅ

​លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានជួបពិភាក្សាការងារជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៩ ខែសីហានេះ ដែលជំនួបនោះ គឺដើម្បីពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា-ថៃឡើងវិញ ទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះលោកបណ្ឌិត សុខ សុក្រឹត្យា បាន​ជម្រាបជូនលោក Phiphat Ratchakit​prakarn ​ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេច តេជោ ហ៊ុន សែន ​​ដែលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន​៨៥ភាគរយ ចំពោះមនុស្សដែលមានអាយុពី​១៨ ឆ្នាំឡើងទៅ និង​៣២ភាគរយ ចំពោះយុវវ័យ និងកុមារ ដែលមានអាយុចាប់ពី​១២ឆ្នាំ ដល់ក្រោម​១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​។

​ជាមួយគ្នានោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបភាគីថៃអំពីការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេស​ជនជាតិថៃ ដែលនឹង​អញ្ជើញមកទស្សនាកម្ពុជា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។

នៅក្នុងជំនួបនោះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំភាគីថៃលើចំណុចមួយចំនួនរួមមាន៖

ទី១. បង្កើនការ​ផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា។

ទី២. ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន។

ទី៣. បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស។

ទី៤. ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism)។

ទី៥. ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋា​ការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ។

ទី៦. បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms, One Destination) ។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ថៃ ចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ទទួលយកការអញ្ជើញនេះ ព្រមទាំងបានសន្យានឹងបង្កើនការផ្តល់អាហារូបករណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយកសំណើដទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក Phiphat Ratchakitprakarn លោកបណ្ឌិត សុខ សុក្រឹត្យា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសាព័ត៌មានថៃ និងបរទេសអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស កម្ពុជាមានច្បាប់វិនិយោគថ្មី ដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិ​បណ្ឌិត​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំឱ្យអ្នកសារពត៌មានខាងលើ ជួយបង្កើនការផ្សព្វ​ផ្សាយពីសក្តានុពល​ទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ​២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់ ហើយជាការឆ្លើយ ក្រុមអ្នកសារព័ត៌មានខាងលើ បានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពី​សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម