ព័ត៌មានអន្ដរជាតិ
ហ្វីពីពីនអាចបន្តបិទការនាំចូលអង្ករដល់ចុងឆ្នាំ បង្កក្ដីបារម្ភសម្រាប់ថៃ និងប្រទេសនាំចេញអង្ករផ្សេងទៀត
ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក គ្រោងនឹងបន្តបិទការនាំចូលអង្កររហូតដល់ចុងឆ្នាំ ដោយមិនធ្វើតាមគម្រោងចាស់ ដែលឈប់ហាមឃាត់ត្រឹមចុងខែតុលានោះទេ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានក្នុងស្រុកហ្វីលីពីន។

ការណ៍នេះ កំពុងព្រួយបារម្ភសម្រាប់បណ្ដាប្រទេសនាំចេញអង្ករសំខាន់ៗដូចជាថៃ និងវៀតណាម ចំពេលដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះខ្លាំងរួចហើយ រាប់តាំងពីដើមឆ្នាំមក ដោយសារតែកំណើនផ្គត់ផ្គង់សកល និងកម្សោយតម្រូវការពីប្រទេសនាំចូលសំខាន់ៗ។
ក្រសួងកសិកម្មហ្វីលីពីនបានបញ្ជាក់ពីគម្រោងពន្យារពេលបិទការនាំចូលនេះកាលពីសប្ដាហ៍មុន។ អ្វីដែលសំខាន់នោះគឺថា ហ្វីលីពីន នឹងបើកការនាំចូលវិញត្រឹម ១ ខែ នៅខែមករា ហើយបន្តបិទជាថ្មីនៅខែកុម្ភៈ រហូតដល់មេសា។ ក្រសួងលើកឡើងថា គោលនយោបាយបែបនេះ គឺដោយធានាស្ថិរភាពតម្លៃអង្ករសម្រាប់ប្រជាកសិករហ្វីលីពីន ដែលព្រួយបារម្ភពីការធ្លាក់ចុះនៃតម្លៃស្រូវអង្ករក្នុងស្រុក។
គេមើលឃើញថា ការសម្រេចរបស់ហ្វីលីពីន នឹងធ្វើឱ្យការផ្គត់ផ្គង់អង្ករជោរជន់នៅលើទីផ្សារ ដែលធ្វើឱ្យតម្លៃអង្ករជាសកលបន្តនិន្នាការធ្លាក់ចុះ ហើយបង្កកង្វល់ជាច្រើនសម្រាប់ប្រទេសនាំចេញ។ តាមគម្រោងដើម ហ្វីលីពីនបិទការនាំចេញអង្ករ ៦០ ថ្ងៃ ចាប់ពីថ្ងៃទី ១ កញ្ញា។
សមាគមស្បៀងអាហារវៀតណាម (VFA) បាននិយាយថា ការនាំចេញអង្កររបស់វៀតណាម រំពឹងថានឹងស្ថិតក្រោមសម្ពាធយ៉ាងសំខាន់នៅដើមឆ្នាំក្រោយ នៅពេលប្រទេសនេះចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃអង្គារនេះ។

ការបិទនាពេលកន្លងមក បានប៉ះពាល់ខ្លាំងដល់ការនាំចេញអង្ករវៀតណាមរួចបាត់ទៅហើយ។ ក្នុងខែកញ្ញា ការនាំចេញអង្ករវៀតណាមបានធ្លាក់ចុះ ៤៣ ភាគរយ គិតជាបរិមាណមកត្រឹម ៤៦៦ ៨០០ តោន និងរហូតដល់ ៥៥ ភាគរយ គិតជាតម្លៃ មកត្រឹម ២៣២ លានដុល្លារ។
គិតត្រឹមសប្ដាហ៍មុន VFA បានឱ្យដឹងថា អង្ករបាក់ ៥ ភាគរយ របស់វៀតណាម ត្រូវបានលក់ក្នុងតម្លៃនាំចេញ ៤៥០ ដុល្លារ/តោន។ កាលពីឆ្នាំមុន តម្លៃអង្ករវៀតណាមបានកើនឡើងជាមធ្យមលើស ៦០០ ដុល្លារ/តោន។
ចំណាត់ការរបស់ហ្វីលីពីន ក៏បង្កក្ដីបារម្ភនៅថៃ ដែលជាប្រទេសនាំចេញអង្ករសំខាន់នៅលើពិភពលោកផងដែរ។ សមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសកំពុងឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ ៧,៥ លានតោន ប៉ុន្តែតម្លៃនឹងធ្លាក់ចុះខ្លាំងរហូតដល់ ៤០ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កាលពីចុងសប្ដាហ៍មុន តម្លៃអង្ករសថៃ បាក់ ៥ ភាគរយ បានធ្លាក់ចុះរហូតដល់ ៣៤០ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ១៨ ឆ្នាំ។ មន្រ្តី TREA បានរំពឹងថា តម្លៃអង្ករថៃនឹងរក្សាតម្លៃប្រហែល ៣៤០ ដុល្លារ/តោន ឆ្នាំនេះ ដោយធ្លាក់ចុះពីមធ្យម ៥០០ ដុល្លារ/តោន ឆ្នាំមុន។
មន្រ្តី TREA បានលើកឡើងថា ទស្សនវិស័យសម្រាប់ទីផ្សារអង្ករថៃ «គ្មានភាពវិជ្ជមាននោះទេ» នៅឆ្នាំក្រោយ ចំពេលលក្ខខណ្ឌធាតុអាកាសអំណោយផល ដែលសម្បូរភ្លៀងធ្លាក់ និងល្អសម្រាប់កសិកម្ម បង្កើនការផ្គត់ផ្គង់ទឹកនៅបណ្ដាប្រទេសដាំស្រូវសំខាន់ៗ រួមទាំងថៃ មីយ៉ាន់ម៉ា កម្ពុជា ជាដើម។
កន្លងមក អ្នកជំនាញបានគូសភ្ជាប់ការធ្លាក់ចុះតម្លៃអង្ករសកលឆ្នាំ ២០២៥ នេះ ទៅនឹងកំណើននៃការផ្គត់ផ្គង់ ក្រោយឥណ្ឌាបើកការនាំចេញអង្ករឡើងវិញ កំណើនផលិតកម្មដោយសារតែភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ការបិទ ឬកាត់បន្ថយការនាំចូលពីឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃអង្ករឥណ្ឌា បាក់ ៥ ភាគរយ ធ្លាក់ចុះដល់ ៣៤០-៣៤៥ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០១៦ ខណៈអង្ករមីយ៉ាន់ម៉ាត្រឹម ៣១០ ដុល្លារ/តោន និងប៉ាគីស្ថាន ៣៣០ ដុល្លារ/តោន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


