Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជាយកស្ថានភាពតានតឹងតាមព្រំដែនទៅប្រាប់អគ្គលេខាធិការហ្វ្រង់កូហ្វូនី និងមេដឹកនាំរវ៉ាន់ដា

បានផុស

នៅ

អំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងគីហ្គាលី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រាប់ទៅមេដឹកនាំប្រទេសរវ៉ាន់ដា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយលោកបានគូសបញ្ជាក់ពីស្ថានភាពតានតឹងដែលកំពុងបន្តកើតមានតាមបន្ទាត់ព្រំដែន។

លោក ប្រាក់ សុខុន ជួបជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី Louise Mushikiwabo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់សមភាគីរវ៉ាន់ដា លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរវ៉ាន់ដា លោក Justin Nsengiyumva និងសមភាគី លោក Olivier J.P.Nduhungirehe រដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា ព្រមទាំងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី Louise Mushikiwabo។

លោក ប្រាក់ សុខុន ជួបជាមួយនាយករដ្ឋមន្ត្រីរវ៉ាន់ដា លោក Justin Nsengiyumva

នៅក្នុងជំនួបសន្ទនាជាមួយមេដឹកនាំអន្តរជាតិទាំង៣ ដែលផ្ដោតលើការពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានឆ្លៀតលើកឡើងពីភាពតានតឹង ដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ បើទោះជាមានសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក៏ដោយ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «នៅក្នុងជំនួបទាំងបីខាងលើ ឯកឧត្តម ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ»។ សេចក្ដីប្រកាសរបស់ក្រសួង បានលើកឡើងពីការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសកម្ពុជានូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើជាសាក្សី»។

ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាអំពីបញ្ហាព្រំដែន ធ្វើឡើងបន្ទាប់ពីនៅតំបន់ព្រំដែនកម្ពុជា និងថៃ ហាក់មានភាពតានតឹងឡើងវិញ ក្រោយពីរសប្ដាហ៍នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ដោយភាគីថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ក្រោមហេតុផលចោទកម្ពុជាថា ចូល​ទៅដាក់មីនថ្មី ដែលបណ្ដាលឱ្យទាហាន​ថៃ​បាន​ដើរ​ជាន់​មីនផ្ទុះនៅ​តំបន់​ជិតតំបន់​ប្រាសាទ​ព្រះវិហារ បើ​ទោះ​បី​កម្ពុជា​បដិសេធ​ម្ដងហើយម្ដង​ទៀត ថា ​កម្ពុជា​មិន​ដែល​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នោះ​ទេ។

ព្រឹត្តិការណ៍បន្ទាប់ គឺនៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ទាហាន​ថៃ​ ក៏បាន​បើក​ការ​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែ​រនៅ​ភូមិ​ព្រៃ​ចាន់​ ក្នុង​ឃុំ​អូរ​បីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​​ស្លាប់ និង​​រងរបួស។ លុះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានការផ្ទុះអាវុធនៅខាងភាគីថៃនៅចំណុចច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្របពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅតំបន់នោះ ដែលត្រូវបានបង្ខំឱ្យក្រុមអ្នកសង្កេតការណ៍ដកថយត្រឡប់វិញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម