ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ផែនការ២៨ចំណុចរបស់ត្រាំ ត្រូវកាត់ចោលខ្លះ ក្រោយកិច្ចពិភាក្សាក្រុងហ្សឺណែវ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានឲ្យដឹងកាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ថា គណៈប្រតិភូទីក្រុងកៀវបានត្រឡប់មកពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជាមួយមន្ត្រីអាមេរិក និងអឺរ៉ុប ដោយបញ្ជាក់ថា លក្ខខណ្ឌមួយចំនួននៅក្នុងផែនការសន្តិភាព២៨ចំណុចដើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានដកចេញពីសេចក្តីព្រាងចុងក្រោយ។

យោងតាម Kyiv Post លោកហ្សេលេនស្គី បានលើកឡើងថា ឯកសារនេះ«មិនមាន»២៨ចំណុចទៀតទេ ហើយឥឡូវវាបានឆ្លុះបញ្ចាំងពី«ចំណុចត្រឹមត្រូវជាច្រើន» ទោះបីជាលោកបានបន្ថែមថា អ្នកចរចានៅតែប្រឈមមុខនឹងការងារ«ដ៏លំបាកខ្លាំង» ដើម្បីបញ្ចប់ក្របខ័ណ្ឌនេះក៏ដោយ។
លោកហ្សេលេនស្គី បានរៀបរាប់ថា «អ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយ» ដោយបន្ថែមថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ«ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន» ដើម្បីឆ្ពោះទៅរកដំណោះស្រាយ«ប្រកបដោយសេចក្តីថ្លៃថ្នូរ»។
ការលើកឡើងរបស់លោកហ្សេលេនស្គី ស្របនឹងសេចក្តីរាយការណ៍ដែលថា បញ្ហាដ៏ចម្រូងចម្រាសបំផុត រួមទាំងការទាមទារឲ្យអ៊ុយក្រែនកាត់ទឹកដីដែលត្រូវបានកាន់កាប់ និងបោះបង់ចោលបំណងចូលជាសមាជិកណាតូ (NATO) ត្រូវបានទុកសម្រាប់កិច្ចពិភាក្សាផ្ទាល់រវាងលោកហ្សេលេនស្គី និងលោកត្រាំ។ លោកហ្សេលេនស្គី បានមានប្រសាសន៍ថា «ខ្ញុំនឹងពិភាក្សាអំពីបញ្ហារសើបទាំងនេះជាមួយប្រធានាធិបតី ត្រាំ»។
លោកហ្សេលេនស្គី បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ សម្រាប់អ្វីដែលលោកបានពណ៌នាថាជាការចូលរួមប្រកបដោយស្ថាបនាពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងការគាំទ្រយ៉ាងទូលំទូលាយពី«ពិភពលោកភាគច្រើន»។
យោងតាមជំនួយការវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yuri Ushakov) ដែលត្រូវបានស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រុស្ស៊ីបានច្រានចោលសំណើកែប្រែរបស់អឺរ៉ុបចំពោះផែនការសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា «គ្មានលក្ខណៈស្ថាបនាសោះឡើយ»។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អាមេរិកបានជំរុញឲ្យអ៊ុយក្រែនទទួលយកសំណើរបស់ខ្លួន ក្នុងអំឡុងកិច្ចពិភាក្សានៅហ្សឺណែវ។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនបានគំរាមដកការគាំទ្រដោយចំៗក៏ដោយ ក៏គណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានយល់ច្បាស់ពីហានិភ័យនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


