Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ សំណើសន្តិភាព នឹងត្រូវបានបញ្ចប់ក្នុងពេលប៉ុន្មានថ្ងៃទៀតមុន​ប្រគល់​ឲ្យ​រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើក​ឡើង​ថា សំណើដែលត្រូវបានចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឈ្លានពានជិតបួនឆ្នាំរបស់រុស្ស៊ី អាចនឹងត្រូវបានបញ្ចប់ជាស្ថាពរក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ មុននឹងដាក់ជូនទីក្រុងមូស្គូសម្រាប់ការចរចាបន្ត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AP នា​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០២៥។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រី​អាមេរិក និងអឺរ៉ុបក្នុងទីក្រុងប៊ែរឡាំង​ លោក​ហ្សេលេនស្គី បាននិយាយថា សេចក្តីព្រាងផែនការនេះគឺ«អាចយកទៅអនុវត្តបានយ៉ាងល្អ» ទោះបីជានៅមានបញ្ហាមិនទាន់ដោះស្រាយក៏ដោយ ជាពិសេសគឺជោគវាសនានៃទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។

លោកបានបន្តថា ទីក្រុងកៀវ និងដៃគូរបស់ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងលើការធានាសន្តិសុខដ៏រឹងមាំ ដែលផ្តោតលើការរក្សាកងទ័ពអ៊ុយក្រែនដែលមានសមត្ថភាពជាមួយនឹងការគាំទ្រពីលោកខាងលិច ខណៈដែលអឺរ៉ុបនឹងដឹកនាំកម្លាំងពហុជាតិ ហើយ​អាមេរិកនឹងត្រួតពិនិត្យការតាមដានបទឈប់បាញ់។

វិមានក្រឹមឡាំងបានបញ្ជាក់ជាថ្មីថា ខ្លួនចង់បានដំណោះស្រាយសន្តិភាពដ៏ទូលំទូលាយ ជាជាងការឈប់បាញ់បណ្ដោះអាសន្ន ដោយព្រមានថា ខ្លួននឹងបដិសេធសំណើណាដែលខកខានមិនបានដោះស្រាយគោលដៅរបស់រុស្ស៊ី។

លោកហ្សេលេនស្គី បានបដិសេធម្តងទៀតចំពោះការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមមានតំបន់ Donetsk និង Luhansk ទោះបីជាលោកបានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកដំណោះស្រាយសម្រុះសម្រួលក៏ដោយ។

មន្ត្រី​អាមេរិកបាន​ប្រាប់​ថា មានការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយក្នុងចំណោមអ៊ុយក្រែន និងសម្ព័ន្ធមិត្តលើធាតុផ្សំភាគច្រើននៃផែនការនេះ ខណៈដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លទ្ធភាពសម្រាប់កិច្ចព្រមព្រៀងគឺកាន់តែខិតជិតជាងពេលណាណា​ទាំងអស់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម