Connect with us

ព័ត៌មានជាតិ

កម្ពុជា តវ៉ាចំពោះការរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដី

បានផុស

នៅ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ តវ៉ា​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​បាន​បន្ត​ប្រតិបត្តិការ​យោធា និង​ឈរជើង​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា សូម្បីតែ​ក្រោយ​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​កម្ពុជា បាន​ជម្រាប​ជូន​សហគមន៍​អន្តរជាតិ និង​សាធារណជន​ទូទៅ ថា ចាប់ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​បើក​ប្រតិបត្តិការ​វាយលុក​ផ្នែក​យោធា ដែល​មាន​ការ​រៀបចំ​ទុកជាមុន និង​ជា​ប្រព័ន្ធ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដោយ​សម្រុក​ចូល​ទន្ទ្រាន កាន់កាប់ និង​គ្រប់គ្រង​ជាក់ស្ដែង​លើ​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​យ៉ាង​ច្បាស់​ក្នុង​ទឹកដី​កម្ពុជា។

សេចក្តីថ្លែងការណ៍​បាន​រាយការណ៍​ថា តំបន់​ដែល​ត្រូវ​បាន​រំលោភបំពាន ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ ព្រះវិហារ និង​ឧត្តរមានជ័យ រួមមាន ភូមិ និង​តំបន់​សំខាន់ៗ ជាច្រើន ដូចជា ភូមិ​ព្រៃ​ចាន់ ជោគជ័យ បឹង​ត្រកួន តំបន់​ភ្លុក​ដំរី ច្រក​អន្តរជាតិ​ថ្មដា តំបន់​អានសេះ តាថាវ ភ្នំ​ទ្រព្យ អូ​ស្មាច់ ប្រាសាទ​ខ្នា ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់ធំ និង​តំបន់​ផ្សេងៗ ទៀត។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់ខាត​ចំពោះ​ការ​បន្ត​ឈរជើង និង​កាន់កាប់​ដោយ​ខុស​ច្បាប់​របស់​កងទ័ព​ថៃ ព្រមទាំង​ការ​វាយកម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​វប្បធម៌​កម្ពុជា ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ស្មារតី នៃ​សេចក្តី​ប្រកាស​រួម នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ រួម​ទាំង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ។

ក្រសួងការបរទេស​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​កាន់កាប់​ទឹកដី​ដោយ​ការ​គំរាមកំហែង និង​ការ​ប្រើប្រាស់​កម្លាំង គឺ គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ និង​មិន​អាច​បង្កើត​សិទ្ធិ​ស្របច្បាប់​ណាមួយ​បាន​ឡើយ។ ជាមួយ​គ្នា​នេះ កម្ពុជា ក៏បាន​គូស​បញ្ជាក់​ថា ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​តាម​អនុសញ្ញា​ឆ្នាំ ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ ហើយ​ការងារ​ខណ្ឌសីមា​ព្រំដែន កំពុង​សម្រេច​បាន​វឌ្ឍនភាព​វិជ្ជមាន។

អាស្រ័យហេតុនេះ កម្ពុជា បាន​ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​យោធា​ប្រកប​ដោយ​អរិភាព ដក​កងកម្លាំង និង​សម្ភារៈ​យោធា​ទាំងអស់​ចេញពី​ទឹកដី​កម្ពុជា និង​គោរព​យ៉ាង​ពេញលេញ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សេចក្តី​ប្រកាស​រួម ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ។

នៅ​ចុង​បញ្ចប់ សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​សង្ឃឹមថា សហគមន៍​អន្តរជាតិ នឹង​ជួយ​ជំរុញ​ឱ្យ​ប្រទេស​ថៃ គោរព​កាតព្វកិច្ច​របស់​ខ្លួន និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​ទំនួល​ខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម