Connect with us

កីឡា

វ៉ាត វណ្ណធុន​ មាន​ការ​ជំរុញ​ពី​អ៊ុំ​ទើប​ក្លាយ​ជា​កីឡាករ​វាយ​សី​លំដាប់​ប្រទេស​ និង​ជា​ជម្រើស​ជាតិ

បានផុស

នៅ

កីឡាករ​ជើង​ខ្លាំង​ខាង​កីឡា​វាយ​សី​ វ៉ាត វណ្ណធុន​ ថា​មាន​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ​ដូច​សព្វ​ថ្ងៃ​នេះ​គឺ​ដោយ​សារ​មាន​ការ​ជំរុញ​លើក​ទឹកចិត្ត​ពី​អ៊ុំ​ប្រុស យ៉ង់ យ៉េ តាំង​ពី​ចាប់​ហាត់​លេង​ដំបូងៗ​បង្អស់​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំ​រហូត​ជាប់​ជម្រើសជាតិ និង​បាន​ឈ្នះ​មេដាយ​ជាតិ​ អន្តរជាតិ​ជា​ច្រើន​បែប​នេះ។​

កីឡាករ វ៉ាត វណ្ណធុន

ម្ចាស់​មេដាយ​ ២គ្រឿង​នៅ​ឯ​សហរដ្ឋអាមេរិក​ វ៉ាត វណ្ណធុន​ បាន​ឲ្យ​ដឹង​ថា​ មុន​ដល់​ថ្ងៃ​នេះ​មាន​ទាំង​សមត្ថភាព​ កេរ្តិ៍ឈ្មោះ​ និង​សមិទ្ធផល​មេដាយ​ផ្សេងៗ​​គឺ​លំបាក​ខ្លាំង​ ព្រោះ​ចាប់​ផ្ដើម​ពី​ដំបូង​ក្រុម​គ្រួសារ​ ឪពុក​ ម្ដាយ​ មិន​ចង់​ឲ្យ​ហ្វឹកហាត់​នោះ​ឡើយ។​ លោក​ឪពុក​អ្នក​ម្ដាយ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​ការ​សិក្សា​ ព្រោះ​មើល​ឃើញ​ចំណាយ​ពេល​វេលា​ច្រើន​លើ​ការ​ហ្វឹកហាត់​កីឡា​មួយ​នេះ​ដោយ​មិន​ដឹង​ថា​នៅ​ថ្ងៃ​ខាង​មុខ​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ណា​នោះ​ឡើយ។​

លោក​ យ៉ង់ យ៉េ អ៊ុំ​របស់ វណ្ណធុន

យ៉ាងណា​ដោយ​សារ​តែ​មាន​អ៊ុំ​ យ៉ង់​ យ៉េ​ ដែល​ជា​គ្រូ​ និង​ធ្លាប់​ជា​អ្នក​ហ្វឹកហាត់កីឡា​វាយ​សី​នេះ​​ពី​មុនគឺ​​តែងតែ​ជំរុញ​ និង​សម្រប់សម្រួល​ជា​មួយ​ឪពុកម្ដាយ​របស់​ខ្លួន​ជា​និច្ច​ឲ្យ​បាន​បន្ត​ហ្វឹកហាត់​រហូត​មក។​ រាល់​ការ​ជំទាស់​ផ្សេងៗ​ពី​ក្រុម​គ្រួសារ​គឺ​អ៊ុំ​របស់​ខ្លួន​តែងតែ​ចេញ​មុខ​ដោះស្រាយ។​ បន្ថែម​ពី​នេះ​អ៊ុំ​របស់​ខ្លួន​បាន​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ផ្សេងៗ​មិន​ថា​តិច​ ឬ​ច្រើន​នោះ​ឡើយ​សម្ភារ​ ថវិកា​ រហូត​ជួយ​ឲ្យ​បានមក​ហ្វឹកហាត់​នៅ​រាជធានីភ្នំពេញ​ ជាប់​ជា​ជម្រើស​ជាតិ​ថ្នាល​ និង​ឈុត​ធំ​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

កីឡាករ វ៉ាត វណ្ណធុន

ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា​ រូប​គេ​ពិត​ជា​អរគុណ​ និង​ដឹងគុណ​ជា​ខ្លាំង​ចំពោះ​អ៊ុំ​ យ៉ង់ យ៉េ​ ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​ និង​បើក​ផ្លូវ​ក្នុង​អាជីព​កីឡា​វាយ​សី​នេះ​រហូត​មក​ដល់​ពេល​នេះ។​ ជា​ការ​តប​ស្នង​សងគុណ​ម្ចាស់​មេដាយ​មាស​ World Police​ រូប​នេះ​តែងតែ​ដក​ថវិកា​ប្រាក់​រង្វាន់​របស់​ខ្លួន​មួយ​ចំណែក​ជូន​ទៅ​អ៊ុំ​ យ៉ង់​ យ៉េ​ រាល់​ការ​ប្រកួត​កន្លង​មក។​

កីឡាករ វ៉ាត វណ្ណធុន

បញ្ជាក់​ដែរ​ថា​ វ៉ាត​ វណ្ណធុន​ ចាប់​ហ្វឹកហាត់​ និង​លេង​កីឡា​វាយ​សី​អំឡុង​ឆ្នាំ​ ២០១២​ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំ​ ជា​មួយ​អ៊ុំ​ប្រុស​​រហូត​ឆ្នាំ ​២០១៧​ ជាប់​ជា​កីឡាករ​ថ្នាល​របស់​សហព័ន្ធ​បន្ទាប់​មក​នៅ​ឆ្នាំ​ ២០២០​ បន្ត​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ នៅ​ឆ្នាំ​២០១៨​ ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ឯ​ប្រទេស​អាហ្សង់ទីន លើ​វិញ្ញសា​វាយ​ក្រុម​ ឆ្នាំ​២០២៣​ ឈ្នះ​មេដាយ​មាសស៊ីហ្គេម​ ១គ្រឿង​នៅ​កម្ពុជា​លើ​វិញ្ញសា​វាយ​ក្រុម​ ឆ្នាំ​២០២៥​ ឈ្នះមេដាយ​ ២គ្រឿង​ មាស១​ សំរឹទ្ធ១​ នៅ​ឯ​សហរដ្ឋអាមេរិក​ លើ​វិញ្ញាសា​វាយ​គូ​ និង​វាយ​ទោល​ និង​ចុង​ឆ្នាំ​២០២៤​ នេះ​ប្រកួត​ឈ្នះ​មេដាយ​មាស ១គ្រឿង​ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ លើ​វិញ្ញាសា​វាយ​ទោល។​ មេដាយ​នេះ​ដែរ​គឺ​សំខាន់​សម្រាប់​បេក្ខភាព​ណា​ដែល​ចង់​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំ​ថ្មី​ ២០២៦​ នេះ៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វ៉ាត វណ្ណធុន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម