Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោក បញ្ជាក់ជំហរបន្តគាំទ្រកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

បានផុស

នៅ

ធនាគារពិភពលោក ​បញ្ជាក់ជំហរបន្តគាំទ្រ​រាជរដ្ឋាភិបាលកម្ពុជា និងបាន​លើកឡើងពី​សារសំខាន់​នៃ​ការ​កែ​លម្អ​បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោកស្រី Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​បង្ហាញទិន្នន័យវិភាគស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំណែទម្រង់ដើម្បីភាពប្រកួតប្រជែងរបស់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ នេះ ធនាគារពិភពលោកបានបង្ហាញលទ្ធផលវិភាគថ្មីមួយ ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោក ក្នុងការគាំទ្ររបៀបវារៈកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ របាយការណ៍វិភាគនេះបម្រើជាការឆ្លុះបញ្ចាំងចំពេលវេលា ខណៈដែលកម្ពុជាកំពុងជំរុញកំណែទម្រង់សំខាន់ៗ។

ទន្ទឹម​នេះ លោកស្រី Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក បានបញ្ជាក់ជំហរបន្តការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងបានលើកឡើងពីសារសំខាន់នៃការកែលម្អបរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថា សម្រាប់កម្ពុជា ធនាគារពិភពលោកបានផ្តោតការយកចិត្តទុកដាក់ពិសេសលើសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងការសិក្សាវិភាគរបស់ខ្លួន។

លោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក បានលើកឡើងថា៖ “ក្នុងនាមជាធនាគារចំណេះដឹង តួនាទីរបស់យើងគឺគាំទ្ររបៀបវារៈកំណែទម្រង់ដែលរដ្ឋាភិបាលកំពុងជំរុញដឹកនាំ តាមរយៈការវិភាគផ្អែកលើភស្តុតាងច្បាស់លាស់។”

លោក Faya បានសង្កត់ធ្ងន់ថា កំណើនផលិតភាពមានសារសំខាន់បំផុត សម្រាប់កម្ពុជាសម្រេចចក្ខុវិស័យ​ឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ការស្រាវជ្រាវនេះបង្ហាញគម្លាតដ៏ធំនៃកំណើនផលិតភាពរបស់កម្ពុជាបច្ចុប្បន្ន ដែលមានប្រមាណ ០.៨% ខណៈដែលការសម្រេចចក្ខុវិស័យយ២០៥០ នឹងទាមទារកំណើនផលិតភាពលើស ២% ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ ដែលកំណើនបែបនេះ មានតែប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះដែលធ្លាប់សម្រេចបាន។

ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងផ្សារភ្ជាប់ការងារវិភាគនេះទៅនឹងគោលនយោបាយរបស់ក្រសួង រួមទាំងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម។”

លោក​រដ្ឋមន្ត្រី​បានស្នើធនាគារពិភពលោកឱ្យរៀបចំអនុសាសន៍គោលនយោបាយជាក់លាក់ ដើម្បីគាំទ្រការពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកំណែទម្រង់ដែលអាចអនុវត្តបាន និង​បាន​ស្នើឱ្យ​ធនាគារ​ពិភព​លោករៀបចំកម្មវិធីឥណទានប្រតិបត្តិការគោលនយោបាយអភិវឌ្ឍន៍ (DPO) របស់ខ្លួន ឱ្យស្រប​នឹង​របៀបវារៈ​កំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រអាណត្តិរបស់ក្រសួង រួមទាំង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិធាន​ការ​ចំគោល​ដៅដើម្បីគាំ​ទ្រ​វិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម