Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន និង ក្រសួងទេសចរណ៍រួមដៃគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាស្តីពីវិស័យទេសចរណ៍ តំណាង ក្រសួងព័ត៌មានបានបង្ហាញពីលទ្ធផលផ្លែផ្កានៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​រូបភាព​វិជ្ជមាន​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ចម្រុះ។

លោកទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍​ថា  «ក្នុងក្របខណ្ឌនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ក្រសួង​ទាំងពីរ​បាន​ចាប់ដៃគ្នា​ផ្សព្វផ្សាយ​ពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកសុះសាយ ខណៈ​រាជរដ្ឋាភិបាលកម្ពុជា​ដាក់ចេញនូវផែនការសកម្មភាពដើម្បីទាក់ទាញពិភពលោកឱ្យធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុរដ្ឋលេខាធិការបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុង​ឱកាស​លោក​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន ក្នុងកិច្ចពិភាក្សាពិសេសមួយក្រោមប្រធានបទ «បណ្ដាញសង្គម៖ សម្លេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។

លោក​បាន​បញ្ជាក់​ថា ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ ការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ ពិតជាមានសារៈសំខាន់ ខណៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើបទាំងជាតិ និង​ឯកជន​បន្ត​ដើរ​តួនាទី​ស្នូល និងយ៉ាងសកម្មក្នុងទិសដៅនេះ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ បណ្តាញ​សារ​ព័ត៌មាន​ជាតិ​មាន​វិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានAKP និងបណ្តាញផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានក្នុង២៥រាជធានី-ខេត្ត បាន​ផលិត និង​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ចំនួនប្រមាណ ៣ ០០០ មាតិកា ក្នុងទម្រង់ចម្រុះដូចជា វីដេអូ សំណេរ រូបថតប្រកបដោយគុណភាព ដោយ​បាន​ផ្សាយ​តាម​រយៈ​គេហទំព័រ, APP និងបណ្តាញសង្គមរបស់ក្រសួងព័ត៌មាន មានFacebook, TikTok, យូធូប, X និង Instagram បន្ថែមលើការផ្សាយតាមប្រព័ន្ធប្រពៃណី មានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា។

ជា​មួយ​គ្នា​នេះ មន្ទីរព័ត៌មាន២៥រាជធានីខេត្តបានសហការជាមួយមន្ទីរទេសចរណ៍ ក៏​ដូច​ជា​តួអង្គ​ពាក់ព័ន្ធ​មាន​វិស័យរដ្ឋ និងឯកជន ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍សំខាន់ៗ ជាមួយ​រមណីយដ្ឋាន​ថ្មី ប្លែក មាន​ភាព​ទាក់ទាញពីនៅក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មាន និងរូបភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីឱ្យចង់មកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត។ ជាង​នេះ​ទៀត តាម​រយៈ​ទីភ្នាក់ងារ​សារព័ត៌មានកម្ពុជា AKP ព័ត៌មាន​ស្តីពី​ទេសចរណ៍កម្ពុជាត្រូវបានបញ្ជូនទៅកាន់ដៃគូសារព័ត៌មានអន្តរជាតិនៅក្រៅប្រទេសចំនួន១៨ ទីភ្នាក់ងារ ដែលមានសកម្មភាពគ្របដណ្ដប់នៅគ្រប់ទ្វីបទាំងអស់លើសកលលោក។

មាន​ប្រសាសន៍​ឆ្លើយ​ទៅ​នឹង​សំណួរទាក់ទងនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ លោក​ទេព អស្នារិទ្ធ បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍មានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការបំភ្លៃការពិត ការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចេតនាអាក្រក់បង្ខូចកិត្តិយសជាតិ និង​វិស័យទេសចរណ៍ប្រទេសកម្ពុជា។ កិច្ចខិតខំនេះ សំដៅធានាសន្តិសុខព័ត៌មាននៅកម្ពុជា រួមចំណែកជំរុញសេដ្ឋកិច្ចតាមរយៈទេសចរណ៍ ព្រោះនៅពេលមានការផ្សព្វផ្សាយពិតយ៉ាងទូលំទូលាយ វានឹងទាក់ទាញការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយភាពជឿជាក់ កក់ក្តៅ និងមានទំនុកចិត្ត។

សូម​បញ្ជាក់​ថា ក្រសួងទេសចរណ៍បាន​រៀបចំកិច្ចពិភាក្សាពិសេសមួយដោយផ្តោត​លើសារសំខាន់នៃការប្រើប្រាស់បណ្ដាញសង្គមដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍និងសក្តានុពលប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។ កិច្ច​ពិភាក្សា​ក៏​បានផ្តោតផងដែរលើការគិតគូរ រិះរកវិធីសាស្ដ្រ និងមធ្យោបាយថ្មីៗ សម្រាប់ការផ្សព្វផ្សាយដោយប្រព័ន្ធបែបថ្មី ដើម្បីជំរុញការស្គាល់កម្ពុជាឱ្យកាន់តែច្រើន និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយភាពទាក់ទាញក្នុងយុគសម័យឌីជីថល។

កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​ដឹក​នាំ និង​សម្របសម្រួល​ដោយ លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស តំណាងស្ថាប័នរដ្ឋ និងឯកជន និងអ្នកបង្កើតមាតិកាល្បីៗជាច្រើននាក់ទៀត។

អង្គពិភាក្សាបានសង្កត់ធ្ងន់ថាការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមតែជាឧបករណ៍សម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារផ្នែកទីផ្សារ (Marketing )ដ៏សំខាន់មួយ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ ផលិតផល និងគុណភាពសេវាកម្ម ទេសចរណ៍ របស់កម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរច្រើនឡើងឱ្យអញ្ជើញមកទស្សនា និងកំសាន្តនៅកម្ពុជា។ ទាំងនេះជាគន្លឹះដ៏សំខាន់មួយរួមចំណែកក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពវិស័យទេសចរណ៍ ខណៈ​បន្ត​លើក​តម្កើង​រូបភាពវិជ្ជមាន​របស់​កម្ពុជា​នៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម