Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ បើចង់លុបបំបាត់បទល្មើស ONLINE SCAMS ឲ្យអស់ គណៈបញ្ជាការឯកភាពរាជធានី ត្រូវសំអាតមេ SCAMER

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ សង្កត់​ធ្ងន់​ថា បើ​ចង់​លុបបំបាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ឲ្យ​អស់​ពី​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​ទាំងអស់​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ត្រូវ​សំអាត​មេ SCAMER ឲ្យ​អស់​ពី​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ក្នុង​អង្គ​ប្រជុំ​ស្ដីពី​វឌ្ឍនភាព​ការងារ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​សាលា​រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ លោក ឃួង ស្រេង បាន​សង្កត់​ធ្ងន់​ថា «ដើម្បី​ឲ្យ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) អស់​ពី​ក្នុង​មូលដ្ឋាន ដាច់ខាត​យើង​ត្រូវ​សំអាត​មេ​ SCAMER ឲ្យ​អស់ បើ​មិន​អស់​ទេ វា​នឹង​កើតកូន កើត​ចៅ​បន្ត​មក​ទៀត»។

លោក ឃួង ស្រេង បន្ត​ថា ខណ្ឌ​ទាំង ១៤ ត្រូវ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​មួយ​នឹង​ការ​ត្រៀម​កម្លាំង​សហការ​តាមដាន​សភាពការណ៍​ជាក់ស្ដែង។ ការងារ​នេះ ត្រូវតែ ម៉ឺងម៉ាត់ និង​ម៉ត់ចត់​បំផុត ព្រោះ​នេះ​ជា​យុទ្ធនាការ​សំអាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ឲ្យ​អស់ ត្រឹម​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ២០២៦ ខាងមុខនេះ។

លោក​បន្ត​ទៀត​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បទបញ្ជា​ឲ្យ​អនុវត្ត គឺ ត្រូវ​បោស​សំអាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ពណ៌ស។

លោក​បញ្ជាក់​ថា ពេលនេះ​ជា​យុទ្ធនាការ​សំអាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជា​យុទ្ធនាការ​ក្តៅ ដែល​ទាមទារ​ឲ្យ​លុបបំបាត់​ឲ្យ​អស់ ក្លាយ​ជា​តំបន់​ពណ៌ស។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា បោះចោល​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ ក្នុងនាម​អាជ្ញាធរ ត្រូវ​អនុវត្ត​ការងារ​ទាំង ២ ខាង​លើ​នេះ ឲ្យ​បាន​ល្អ ​ព្រមៗ គ្នា ដើម្បី​ជា​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

លោក​​បន្ថែម​ថា ជា​ទិសដៅ​បន្ត​របស់​ខណ្ឌ​ទាំង ១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​កំណត់​ទីតាំង​ដែល​សង្ស័យ​ឲ្យ​ដូច​ភ្លៀង​រលឹម ជាមួយ​នឹង​ការ​ប្រើប្រាស់​ជំនាញ​ផ្ទាល់ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​អស់​លទ្ធភាព និង​ជឿជាក់​ថា នៅ​មូលដ្ឋាន​របស់​ខ្លួន​គ្មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្រោយ​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ ២០២៦ ខាងមុខ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម