ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញាចូលរួមលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍
ភ្នំពេញ ៖ ប្រទេសបានបង្ហាញនូវការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តចូលរួមយ៉ាងសកម្មនៅក្នុងយន្តការយន្តការកូឡុំបូ (Colombo Process)ដើម្បីលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ក្នុងអំឡុង និងក្រោយពេលនៃវិបត្តិកូវីដ-១៩។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះពិធីផ្ទេរតំណែងប្រធានយន្តការកូឡុំបូ (Colombo Process) ដែលរៀបចំដោយប្រទេសនេប៉ាល់ តាមប្រព័ន្ធវីដេអូដែលលោក Bashir Ahmad Tahyanj រដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ចនៃសាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន ដែលទទួលតំណែងជាប្រធានបន្តវេននៃយន្តការកូឡុំបូបន្ទាប់ពីលោក Gaurishankar Chaudhariរដ្ឋមន្ត្រីក្រសួងការងារ មុខរបរ និងសន្តិសុខសង្គម នៃប្រទេសនេប៉ាល់។
នៅក្នុងពិធីនេះ លោក បណ្ឌិត អ៊ិត សំហេង សង្ឃឹមយ៉ាង មុតមាំថា ក្នុងអាណត្តិរបស់លោក Bashir Ahmad Tahyanj កិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកនៃយន្តការកូឡុំបូ ក៏ដូចជាជាមួយដៃគូពាក់ព័ន្ធនានានឹងកាន់តែមានភាពស្អិតរមួត និងត្រូវបានពង្រីកកាន់តែទូលំទូលាយ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការបន្តចូលរួមយ៉ាងសកម្មនៅក្នុងយន្តការនេះ ដើម្បីលើកកម្ពស់សិទ្ធិ និងការពារផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ក្នុងអំឡុង និងក្រោយពេលនៃវិបត្តិកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ណាស់ដល់ការគាំពារ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ ការអនុម័តលើអនុសញ្ញាអន្តរជាតិ ការចូលរួមគ្រប់យន្តការ វេទិកាទាំងកំរិតទ្វេភាគី ពហុភាគី ក្របខណ្ឌអាស៊ាន ថ្នាក់តំបន់ និងពិភពលោក ដើម្បីធានាបាននូវកិច្ចគាំពារជូនដល់ពលករទេសន្តរប្រវេសន៍ ព្រោះថាពលករទេសន្តរប្រវេសន៍បានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈប្រាក់បញ្ញើមកក្រុមគ្រួសារពួកគេក្នុងមួយឆ្នាំៗជាង២ពាន់លានដុល្លារអាម៉េរិក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ទន្ទឹមនឹងនោះពួកគេក៏ទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធន៍ការងារ ជំនាញបច្ចេកទេស និងជំនាញទន់ ដែលជាមូលដ្ឋានគ្រឹះសំខាន់មួយសម្រាប់ពួកគាត់ប្រើប្រាស់នៅថ្ងៃអនាគត។

គួរបញ្ជាក់ថា យន្តការកូឡុំបូនេះគឺជាដំណើរការនៃកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការគ្រប់គ្រងមុខរបរ/ការងារ និងកម្លាំងពលកម្មដែលធ្វើការដោយមានកិច្ចសន្យាការងារនៅបរទេសសម្រាប់ប្រទេសបញ្ជូនពលករក្នុងតំបន់អាស៊ី។
យន្តការនេះ ត្រូវបានបង្កើតនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ក្នុងឆ្នាំ២០០៣ និងមានគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់ប្រទេសបញ្ជូនក្នុងតំបន់អាស៊ីចូលរួមចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍លើការគ្រប់គ្រងការងារក្រៅប្រទេស ពិគ្រោះយោបល់លើបញ្ហាដែលពលករទេសន្តរប្រវេសក៍ ប្រទេសបញ្ជូននិងប្រទេសគោលដៅជួបប្រទះ ព្រមទាំងលើកឡើងនូវដំណោះស្រាយជាក់ស្តែងសម្រាប់ការពារសុខមាលភាពរបស់ពលករទេសន្តរប្រវេសក៍។

រហូតដល់បច្ចុប្បន្នមានប្រទេសជាសមាជិកសរុបចំនួន ១២ រួមមាន ប្រទេសអាហ្វហ្កានីស្ថាន បង់ក្លាដែស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វ៊ីលីពីន ស្រីលង្កា ថៃ និងវៀតណាម រួមទាំងមានប្រទេស អង្គការ ស្ថាប័នអន្តរជាតិពាក់ព័ន្ធមួយចំនួនចូលរួមជាអ្នកសង្កេតការណ៍៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


