Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ពីឆន្ទៈសហការជាមួយឥណ្ឌូណេស៊ី ក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ

បានផុស

នៅ

នៅក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅភ្នំពេញ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បញ្ជាក់ពីការបន្តកិច្ចសហការជាមួយឥណ្ឌូណេស៊ី ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ខណៈលោក អរគុណភាគីឥណ្ឌូណេស៊ីចំពោះកិច្ចសហការដ៏ល្អកន្លងមក ដែលរួមគ្នាជាមួយកម្ពុជាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ថ្លែងចាត់ទុកបទល្មើសទាំងនេះ ថា ជាបទល្មើសដែលមានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានានូវសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈទាំងសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូណេស៊ី។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំលោកឯកអគ្គរដ្ឋទូត សាន់តូ ដាម៉ូស៊ូម៉ាតូ ជួយបន្តផ្សព្វផ្សាយជាវិជ្ជមាន អំពីកម្ពុជា និងជួយជំរុញទេសចរប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរមានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងលោកអះអាងថា ឥណ្ឌូណេស៊ីត្រៀមខ្លួនជានិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូណេស៊ីទៅប្រទេសដើមវិញ។ ខណៈលោកឯកអគ្គរដ្ឋទូតក៏អរគុណដល់កម្ពុជាដែលជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក។

ឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ទាក់ទងនឹងវិស័យទេសចរណ៍ លោកឯកអគ្គរដ្ឋទូត ក៏បានឯកភាពជំរុញវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក ស សុខា និងលោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកីឡាផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម