Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាជនបរទេសជាង៨០នាក់

បានផុស

នៅ

ជនសង្ស័យជាជនបរទេសចំនួន៨១នាក់ ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកងកម្លាំងមានសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរី ប៉េងហួត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍ បានអះអាងថា ជនសង្ស័យទាំងនោះបានលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្រ្កាបករណី online scam ខាងលើនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

បើតាមលេខាធិការដ្ឋាន គ.ប.ឆ.ប. ជនបរទេសទាំងនោះ មានជនជាតិចិន៧២នាក់ (ស្ត្រី៣នាក់) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់ (ស្រី្ត១នាក់)។ ខណៈសមត្ថកិច្ចបានដកហូតវត្ថុតាងដែលបម្រើឱ្យបទល្មើស រួមមាន កុំព្យូទ័រ ម៉ូនីទ័រ CPU Laptop ទូរសព្ទ និងសក់សិប្បនិម្មិត។

សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្លោងនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ រីឯទីតាំងខាងលើត្រូវបានបិទខ្ទប់។

គួរជម្រាបថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយការចាត់វិធានការច្បាប់ជាក់លាក់ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ គឺកម្លាំងរបស់កម្ពុជាបានបំបែកសំបុកឧក្រិដ្ឋជនឆបោកអនឡាញក្នុងរាជធានី-ខេត្តជាបន្តបន្ទាប់ ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើឆបោក ឬ បទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬ អង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម