Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជិត ៣ ពាន់កន្លែង ផ្ដល់ជូនអតីតពលករ និងពលរដ្ឋ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

បានផុស

នៅ

វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅតែ​បន្ត​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី ​១ ខែមីនា ឆ្នាំ ​២០២៦ វេទិកា​ការងារ​នេះ ​ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​វត្ត​រតនៈ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​បាន​នាំ​យក​ឱកាស​ការងារ​ផ្ដល់​ជូន​​អតីត​ពលករ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៧០០ នាក់ ព្រម​ជាមួយ​ការ​ផ្សព្វផ្សាយ​ពី​សារប្រយោជន៍​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស) និង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ TVET ដល់​យុវជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម ស៊ី​ណន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា វេទិកា​ការងារ​នៅ​ស្រុក​ភ្នំព្រឹក​នេះដែរ គឺមាន​តំណាង​រោងចក្រ សហគ្រាស​ធំៗ​ ចំនួន ​៥ បាន​ចុះមក​ជ្រើសរើស​បុគ្គលិក​ដោយផ្ទាល់​សរុប ២ ៦៩០​ កន្លែង ក្នុងចំណោម​ឱកាស​ការងារ​សរុប​ទូទាំងប្រទេស​ជាង​ ៨​ ម៉ឺន​កន្លែង។ ក្រៅពី​ការងារ​ក្នុងស្រុក ក៏មាន​ការ​ចូលរួម​ពី​សមាគម TAFTAC តំបន់​សេដ្ឋកិច្ច​ពិសេស RGPPSEZ និង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ផ្តល់​ជម្រើស​ការងារ​បន្ថែម​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​រដ្ឋលេខាធិការ​ បាន​បញ្ជាក់ថា ការធ្វើការងារ​នៅក្នុង​ប្រទេស មិន​ត្រឹមតែ​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​អនុញ្ញាតឱ្យ​ពលរដ្ឋ​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ មើលថែទាំ​កូន​ និង​ឪពុកម្ដាយ ក៏ដូចជា​ចៀស​ផុតពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​។ អ្វីដែល​ពិសេស​បំផុត​នោះ គឺ​កម្មករ-និយោជិត​ នឹង​ទទួលបាន​នូវ​ការ​គាំពារ និង​សារប្រយោជន៍​ជាច្រើន​ពី ប​.​ស​.​ស មានដូចជា ​៖ ផ្នែក​ថែទាំ​សុខភាព ផ្នែក​សោធន​និវត្តន៍ និង​ផ្នែក​ហានិភ័យ​ការងារ ដែល​សុទ្ធតែជា​តម្រូវការ​ចាំបាច់​ទាំង​ពេលបច្ចុប្បន្ន និង​នៅពេល​ចាស់​ចូលនិវត្តន៍។

លោក យឹម ស៊ី​ណន ក៏បាន​លើកទឹកចិត្ត​យ៉ាង​មុតមាំ​ដល់​យុវជន ជាពិសេស អតីត​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ឱ្យ​ចាប់យក​ឱកាស​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​រាជរដ្ឋាភិបាល​កំពុងផ្តល់​ជូន​យ៉ាង​ទូលំទូលាយ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១,៥​ លាន​នាក់ (TVET 1.5M)​។

លោក​សង្កត់​ធ្ងន់​ថា «​ការ​មាន​ជំនាញ​ពិតប្រាកដ នឹង​ក្លាយ​ជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល និង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ឱកាស​ការងារ​ក្នុង​ និង​ក្រៅ​ប្រទេស សារប្រយោជន៍ ប​.​ស​.​ស កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ TVET 1.5M ឬ​ចំណេះដឹង​ផ្សេងៗ​ ទៀត សូម​ទាក់ទង​មកកាន់​លេខ Hotline ១២៩៧ និង​លេខ ១២៨៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម