Connect with us

ជីវិតកម្សាន្ដ

មិនធម្មតា! N.JOHN បង្ហាញខ្លួនជាលើកដំបូងលើទឹកដីកំណើតតន្ត្រី K-pop ដ៏ល្បីល្បាញ សម្រាប់ព្រឹត្តិការណ៍ «BRROR | LA IN SEOUL»

បានផុស

នៅ

ក្រោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស ក្នុងនាមជាតារាចម្រៀងខ្មែរដែលកំពុងបោះជំហានលើឆាកអន្តរជាតិ លោក សុវត្ថិ មុនីនាគ (N.John) បានបន្តសាងប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយមានឈ្មោះក្នុងបញ្ជីសិល្បករដែលត្រូវឡើងសម្តែងក្នុងព្រឹត្តិការណ៍តន្ត្រីអន្តរជាតិ «BRROR | LA IN SEOUL» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងទីក្រុង Seoul សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ ERRORNYC ដែលត្រូវបានចាត់ទុកជាវេទិកាប្រមូលផ្តុំសិល្បករជាច្រើនមកពីវិស័យតន្ត្រី និងវប្បធម៌សហសម័យ។ ការចូលរួមរបស់ N.John ក្នុងកម្មវិធីនេះ បានក្លាយជាចំណុចទាក់ទាញមួយសម្រាប់អ្នកគាំទ្រខ្មែរ ខណៈលោកគឺជាតារាចម្រៀងខ្មែរម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍លើឆាកអន្តរជាតិ និងក្នុងបរិបទឧស្សាហកម្ម K-pop ដ៏មានឥទ្ធិពល។

បញ្ជីសិល្បករដែលចូលរួមសម្តែងក្នុងកម្មវិធីនេះ រួមមាន N.JOHN, HYUNXHEE, DOBERMAN, SKIIDA, SH LEE X LLAMA និង REX ដែលសុទ្ធសឹងជាសិល្បករមានស្ទីល និងអត្តសញ្ញាណតន្ត្រីប្លែកៗគ្នា។ ការបង្ហាញវត្តមានរបស់ N.John ក្នុងចំណោមសិល្បករទាំងនេះ ត្រូវបានមើលឃើញថាជាការបញ្ជាក់ពីការទទួលស្គាល់សមត្ថភាពរបស់តារាចម្រៀងខ្មែររូបនេះនៅលើឆាកតន្ត្រីអន្តរជាតិ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក សុវត្ថិ មុនីនាគ (N.John) តារាចម្រៀងប្រចាំផលិតកម្ម Circa 13 Music របស់សហរដ្ឋអាមេរិក នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតបានសម្តែងនូវមោទកភាពដែលបានឃើញតារាចម្រៀងខ្មែរម្នាក់មានឱកាសឡើងសម្តែងលើឆាកអន្តរជាតិ ក្នុងប្រទេសដែលត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលនៃវប្បធម៌ K-pop ពិភពលោក។ លោកក៏បានលើកទឹកចិត្តឱ្យ N.John បន្តខិតខំអភិវឌ្ឍសមត្ថភាព និងប្រើប្រាស់វេទិកាអន្តរជាតិទាំងនេះ ដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

គួររំលឹកដែរថា N.John បានក្លាយជាតារាចម្រៀងអន្តរជាតិមួយរូប ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពច្រៀង ពិសេសក្បាច់រាំដ៏រស់រវើក រហូតត្រូវបានអ្នកមានឥទ្ធិពលលើបណ្តាញសង្គម នាំគ្នាបង្កើតវីដេអូ Challenge ត្រាប់ក្បាច់រាំរបស់លោកជាបន្តបន្ទាប់។

ជាក់ស្តែង N.John មានជំនាញរាំកម្រិតអន្តរជាតិ បន្ទាប់ពីបានទៅសិក្សា និងហ្វឹកហាត់នៅសាលារាំល្បីឈ្មោះ Millennium Dance Complex ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ បទពិសោធនេះបានជួយឱ្យលោកអភិវឌ្ឍស្ទីលរាំដ៏រស់រវើក ពោរពេញដោយថាមពល ដែលបាននិងកំពុងក្លាយជាចំណុចទាក់ទាញសម្រាប់អ្នកគាំទ្រ K-pop ផងដែរ។

លើសពីនេះ សមត្ថភាពច្រៀងជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងការលេងហ្គីតាដ៏ទាក់ទាញ ក៏ជាហេតុផលមួយដែលធ្វើឱ្យ N.John ទទួលបានការកោតសរសើរពីសំណាក់មហាជន។ ឯការចូលរួមក្នុងព្រឹត្តិការណ៍ BRROR | LA IN SEOUL មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់ N.John ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទកភាពសម្រាប់វិស័យសិល្បៈខ្មែរ ដែលកំពុងមានវត្តមានកាន់តែច្បាស់នៅលើឆាកអន្តរជាតិ។ សមិទ្ធផលនេះក៏ជាសញ្ញាវិជ្ជមានមួយបង្ហាញថា សិល្បករខ្មែរជំនាន់ថ្មីកំពុងមានឱកាសកាន់តែច្រើនក្នុងការឈានចូលទីផ្សារតន្ត្រីតំបន់ និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម