ព័ត៌មានជាតិ
ប្រធានសភា៖ គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើង បានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថា កម្ពុជាត្រូវមានការពង្រឹង បង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត ព្រោះគ្មានប្រទេសណាអាចមកការពារ និងជោគវាសនារបស់កម្ពុជា បានល្អជាងខ្លួនយើងទេក្នុងកាលៈទេសៈពិភពលោកបច្ចុប្បន្ននេះ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្នកំពុងកើតឡើងនូវបញ្ហាប្រឈមជាច្រើនដែលប៉ះពាល់ដល់សង្វាក់ផលិតកម្ម ឧស្សាហកម្ម ស្បៀង និងការដឹកជញ្ចួនផលិតផលជាដើមដែលសុទ្ធតែរងផលប៉ះពាល់ដល់កម្ពុជា។ បន្ថែមលើនេះបញ្ហានៃសង្គ្រាមឈ្លានពានពីថៃក៏ជាបន្ទុកមួយដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។
សម្ដេចបានបន្ថែមថាក្នុងស្ថានភាពបច្ចុប្បន្ននេះភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិទាំងឡាយ ហើយត្រូវបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។
សម្ដេចថា៖ «ក្នុងយុគសម័យដ៏ស្មុគស្មាញនេះ សន្ដិសុខសេដ្ឋកិច្ច និងសន្ដិសុខជាតិ ត្រូវតែដើរទន្ទឹមគ្នា និងរួមជាធ្លុងមួយ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងគោលនយោបាយពាណិជ្ជកម្ម–វិនិយោគ ជាដើម ដែលសុទ្ធសឹងតែជា ឧបករណ៍ ឬអាវុធយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់បម្រើឱ្យកិច្ចការពារជាតិ និងរក្សាការពារអធិបតេយ្យ នៅក្នុងយុគទំនើបនេះ»។

ក្នុងវេទិកានេះរដ្ឋមន្ត្រីក្រសួងចំនួន៣ គឺក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឡើងថ្លែងជាបន្តបន្ទាប់អំពីសមិទ្ធផលដែលសម្រេចបាន និងគោលដៅទៅមុនរបស់ក្រសួងក្នុងការពង្រឹងភាពធន់ ការផលិត ការផ្គត់ផ្គង់ក្នុងប្រទេស និងការនាំចេញទៅក្រៅប្រទេសផងដែរ។ គោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០គឺនៅដដែល។
រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី ចម និម្មល បានថ្លែងបញ្ជាក់ថាដើម្បីឆ្ពោះទៅឧត្តមភាពពាណិជ្ជកម្មឆ្នាំ២០៥០ កម្ពុជាត្រូវធានាការនាំចេញរបស់ខ្លួនក្នុងមួយឆ្នាំឱ្យបានយ៉ាងហោច៨% ធ្វើយ៉ាងណាឱ្យការនាំចេញរបស់កម្ពុជានៅឆ្នាំ២០៥០ឱ្យបាន១៨០ពាន់លាន ទៅ២០០ពាន់លាននៅឆ្នាំ២០៥០។ បន្ថែមលើនេះកម្ពុជាក៏ពង្រឹងការផលិតរបស់ខ្លួនដើម្បីកាត់បន្ថយការនាំចូលផងដែរ ដោយលោកស្រីថានៅថ្ងៃអនាគតទំនិញលើទីផ្សារកម្ពុជា៧៥%គឺជាផលិតដែលផលិតនៅក្នុងស្រុក។

សម្ដេចសភាធិបតី ឃួន សុដារី បានទទួលស្គាល់ពីវឌ្ឍនភាព និងការប្ដេជ្ញារបស់រដ្ឋាភិបាល ព្រមទាំងបានណែនាំផងដែរឱ្យមានការពង្រឹងសេដ្ឋកិច្ចកម្ពុជាតាមរយៈការតភ្ជាប់សេដ្ឋកិច្ច ផ្ដល់តម្លៃដល់យុទ្ធនាការគាំទ្រផលិតផលកម្ពុជា បង្កើនការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ការធ្វើបរិវត្តកម្មឌីជីថល គាំទ្រដល់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំក្របខណ្ឌគោលនយោបាយសន្ដិសុខសេដ្ឋកិច្ចជាតិឱ្យបានទូលំទូលាយ គ្រប់ជ្រុងជ្រោយផងដែរ។
សម្ដេចប្រធានរដ្ឋសភាជំរុញដល់គ្រប់ស្ថាប័ន ពលរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ទាំងអស់រួមគ្នាជាមួយរដ្ឋាភិបាលដើម្បីសម្ដេចបាននូវអនាគតរុងរឿង សុវត្ថិភាព និងភាពម្ចាស់ការលើជោគវាសនាជាតិ ក្នុងនាមជាប្រជាជាតិដ៏មានសក្ដានុពលមួយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


