ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សម្តេចតេជោ និង សម្តេចធិបតី តែងតែគិតគូរខ្ពស់ដល់សុខទុក្ខយុទ្ធជន និងអតីតយុទ្ធជនបូជាកម្លាំងកាយចិត្តជីវិត ដើម្បីការពារជាតិមាតុភូមិគ្រប់ពេលវេលា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានថ្លែងថា សម្តេចតេជោ និង សម្តេចមហាបវរធិបតី តែងតែគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិគ្រប់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូត៍លំនៅឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានក្រើនរំលឹក និងណែនាំ ជាប្រចាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះអតីតយុទ្ធជន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តនេះ គឺក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចលេខ ២៤ សសរ ស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីសម្រេចនោះបានកំណត់ថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ មានតួនាទីភារកិច្ច ដូចតទៅ ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក រៀបចំសមាជិក ដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ព ឆ្នាំ១៩៧៨ ស្ថិតក្រោមការដឹកនាំបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សម្តេចតេជោ និង សម្តេចមហាបវរធិបតី បានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានជួយសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

ជាការឆ្លើយតប គណៈយុទ្ធមិត្ត ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និង សម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ និងបានគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏មានពិធីចាប់ឆ្នោតដើម្បីទទួលយកផ្ទះ និងដីឡូត៍លំនៅឋានសម្រាប់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៥៥០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ចំនួន ១២៦ខ្នងផ្ទះ ទទួលបាន ៖ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ មី ១កេស អង្ករ ២០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ចំណែកឯប្រជាពលរដ្ឋអ្នកចូលរួមក្រៅពីម្ចាស់ផ្ទះ មានចំនួន ៣២៥គ្រួសារទៀត ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


