Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបងកំពុងសុំគោលការណ៍ពីព្រះរាជអាជ្ញា ឃាត់ខ្លួន «អាឡែន» ដែលលួចនាំចូលទុរេនពីថៃ

បានផុស

នៅ

សមត្ថកិច្ចខេត្តបាត់ដំបងកំពុងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួន ម្ចាស់ហ្វេសប៊ុក​ឈ្មោះអាឡែន ក្រោយសារភាពថាពិតជាបានលួចសហការជាមួយឈ្មួញថៃនាំទុរេនមកលក់នៅកម្ពុជាប្រាកដមែន។ អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង​ថ្លែងប្រាប់«កម្ពុជាថ្មី» បន្ថែមក្រោយការចេញសេចក្ដីប្រកាសព័ត៌មានស្ដីលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ចជាមួយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាឡែន ទាក់​ទងនឹងការទិញ លក់ផ្លែទុរេនដែលល្បីក្នុងបណ្តាញសង្គមនាប៉ុន្មា​នថ្ងៃកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលចូល ខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនាថ្ងៃទី ៤ ខែ ឧសភាឆ្នាំ  ម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិត លឿន សាក់ឡែន សារភាពថា ចាប់ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះ ខ្លួនបានទំនាក់ទំនងជាមួយជនជាតិថៃធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងទៅ ទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២តោន ព្រោះមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ដោយបានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលដែលទុរេនដឹកពីថៃចូលមកដល់ដៃខ្លួន។ ម្ចាស់គណនីហ្វេសប៊ុក អាឡែន សារភាពប្រាប់ទៀតថា  ឈ្មួញនៅថៃជាអ្នករៀបចំផ្ញើទុរេនមកតាមច្រកព្រំដែនកាប៊ន ប៉ុន្តែខ្លួនមិនបានដឹងថាឈ្មួញនៅថៃផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ផុតច្រកព្រំដែនក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។

ម្ចាស់គណនីហ្វេសប៊ុក អាឡែន រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ទទួលស្គាល់ថា សារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាសម្លេងរបស់ខ្លួនដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។

ទោះបីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាឡែន បំភ្លឺបែបនេះក្តី ក៏សមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់ វិធានការស្របតាមនីតិវិធីច្បាប់។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ជូនបន្ថែមដូច្នេះ។

ទុរេន ស្ថិតក្នុងប្រភេទផ្លែឈើ ដែលកម្ពុជាដាក់បម្រាមហាមនាំចូលពីប្រទេសថៃ នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ ក្រោយកម្ពុជា ថៃ មានភាពតានតឹងខ្លាំងឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរ និងមកពីយោធាថៃជាអ្នកកែសម្រួល បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី។ បន្ថែមពីផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ក៏ស្ថិតនៅក្នុងបម្រាមដែលកម្ពុជា ហាមឃាត់ការនាំចូលពីថៃ។

សម្ដេច ហ៊ុន សែន កាលពីដើមខែតុលា ឆ្នាំ២០២៥ ធ្លាប់ស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យដកចោលរាល់មន្ត្រីខិលខូចទាំងឡាយណា និងឈ្មួញទុច្ចរិត ដែលហ៊ានលួចនាំទំនិញថៃចូលមកក្នុងប្រទេសកម្ពុជា ទាំងដែលកម្ពុជាកំពុងមានជម្លោះជាមួយគ្នា និងបន្តបិទព្រំដែន ព្រោះការលួចនាំទំនិញពីថៃមកលក់ ធ្វើឱ្យថៃមើលងាយថា កម្ពុជាខ្វះទំនិញគេមិនបាន។

កាលណោះសម្ដេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចសង្កត់ធ្ងន់ថា៖«ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម