Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​ដោយ​សំឡេង​គាំទ្រ​ទាំង​ស្រុង​ពី​សមាជិក​សភា​ដែល​មាន​វត្តមាន

បានផុស

នៅ

​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​ក្នុង​សំឡេង​១១៤ លើ​១១៤​សំឡេង​នៃ​សមាជិក​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២៦​នេះ​។ ការ​អនុម័ត​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៅ​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​កត់​សម្គាល់​នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​បាន​ឡើង​ថ្លែង​ហេតុ​ក្នុង​កិច្ច​ប្រជុំ​ព្រឹក​នេះ​ផង​ដែរ​។ សម្ដេច​បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ច្បាប់​នេះ​គឺ​មិនមែន​ជា​ការ​គំរាម​កំហែង​ប្រទេស​ណា​មួយ​ទេ តែ​ជា​ការ​ពង្រឹង​ស្មារតី​ជាតិ​ខ្ពស់ ក៏ដូចជា​ការ​ពង្រឹង​ថែរក្សា​សន្ដិភាព​ជាតិ​ឱ្យ​រឹង​មាំ។

សម្ដេច​ថា៖ «ពាក្យថាសន្តិភាពដោយកម្លាំងជារបត់ថ្មី ដែលកម្ពុជាស្រលាញ់ ឬមិនស្រលាញ់ពាក្យនេះ យើងត្រូវតែទទួលស្គាល់វាជាការពិត។ យើងត្រូវតែរឹងមាំខ្លួនឯង! ការស្វែងរកសន្តិភាព ថែរក្សាសន្តិភាព​មិនអាច​សុំពីអ្នកណាបានទេ»


ជាមួយ​គ្នា​នេះ​សម្ដេច​ធិបតី​បាន​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​មាន​ច្បាប់​កាតព្វកិច្ច​យោធា​តាំង​ពី​ឆ្នាំ​២០០៦ តែ​មាន​មូលហេតុ​មួយ​ចំនួន​ដែល​មិន​អាច​អនុវត្ត​បាន​ដោយសារ​ ស្ថានភាព​មិន​ចាំ​បាច់​ ត្រូវ​កាត់​ចំណាយ​ដើម្បី​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រជាជន ហើយ​រដ្ឋាភិបាល​ឱ្យ​តម្លៃ​លើ​សន្តិភាព​ និង​ជឿជាក់​លើ​ប្រព័ន្ធ​ពហុភាគី​និយម​ សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់ និង​ធម្មនុញ្ញ​សហប្រជាជាតិ​។ ទោះ​ជា​យ៉ាងណា​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ត្រៀម​ខ្លួន​។​

តាម​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​ដែល​កំពុង​ឆ្លង​នៅ​ស្ថាប័ន​នីតិ​បញ្ញាត្តិ​នេះ​ពលរដ្ឋ​ខ្មែរ​ភេទ​ប្រុស​ចាប់ពី​១៨ ដល់ ២៥ឆ្នាំ គឺ​អ្នក​ដែល​មាន​ភារកិច្ច​ចាំបាច់​ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា រយៈពេល ២៤ ខែ។ ចំពោះ​ស្ត្រី មិន​តម្រូវ​ជា​កាតព្វកិច្ច​ឡើយ ប៉ុន្តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​តាម​គោលការណ៍​ស្ម័គ្រចិត្ត។ កាតព្វកិច្ច​យោធា​នេះ​បាន​​លើក​លែង​ចំពោះ​ព្រះ​សង្ឃ, បព្វជិត​សាសនា, អ្នក​មាន​ពិការភាព និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ដែល​កំពុង​បំពេញ​បេសកកម្ម​សំខាន់ៗ​ជូន​ជាតិ។


សូមជម្រាប​ជូន​ផង​ដែរ​ថា​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​កន្លង​ទៅ​ដែល​មាន​៨​ជំពូក និង​២០មាត្រា។ បន្ទាប់​ពី​ត្រូវ​បាន​សភា​អនុម័ត​នៅ​ថ្ងៃ​នេះ​ សេចក្ដីព្រាង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​ពិភាក្សា​យល់ព្រម​ មុននឹង​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ខាង​មុខ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម