Connect with us

ព័ត៌មានជាតិ

«ច្បាប់កាតព្វកិច្ចយោធា» ជាថ្នាលដុសខាត់ស្មារតីធនធានយុវជនជំនាន់ក្រោយ ឲ្យមានឆន្ទៈចូលរួមការពារប្រទេសជាតិ

បានផុស

នៅ

ស្របពេលដែលច្បាប់កាតព្វកិច្ចយោធា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ រួចមក ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញនូវការគាំទ្រខ្ពស់ និង មានសុទិដ្ឋិនិយមថា «នេះគឺជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រទេសជាតិ និងជាថ្នាលដុសខាត់ស្មារតីធនធានយុវជនជំនាន់ក្រោយ ឲ្យមានឆន្ទៈចូលរួមការពារប្រទេសជាតិ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ំប្រុសម្នាក់ ជាប្រជាពលរដ្ឋ បានថ្លែងអំណរគុណថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសជាតិ ពិសេស សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល សម្តេចទាំងទ្វេ តែងតែរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហា ដោយរកគ្រប់វិធីដើម្បីថែរក្សាសន្តិភាព ការពារដល់ឧត្តមប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជាតជំនាន់។

ប្រជាពលរដ្ឋ ដដែល សង្កត់ធ្ងន់ថា «ច្បាប់កាតព្វកិច្ចយោធា គឺជាថ្នាលដុសខាត់ស្មារតីរបស់ធនធានយុវជនជំនាន់ក្រោយឲ្យពួកគេមានឆន្ទៈខ្ពស់ក្នុងការចូលរួមការពារប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសដទៃ និង ជៀសវាងយុវជនមួយចំនួនមានអាយុចន្លោះពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ភាពទំនេរ និង មិនសិក្សារៀនសូត្រ ដើរខុសផ្លូវ បក្ខពួក បង្ហោះម៉ូតូ និង ធ្វើសកម្មភាពផ្សេងៗ ខុសពីច្បាប់»។

ដោយឡែក ក្រុមយុវជន ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងរីករាយថា ពួកគេបានត្រៀមលក្ខណៈរបស់ខ្លួនយ៉ាងពេញលេញសម្រាប់ការចូលរួមជាមួយការបំពេញកាតព្វកិច្ចយោធានៅពេលខាងមុខ ក្នុងករណីជាតិមានតម្រូវការ។ ក្នុងនោះ ពួកគេ បានបង្ហាញគោលជំហរមុតមាំដោយពុំមានការគេចវេសនោះឡើយ ព្រោះបើប្រទេសជាតិមានបញ្ហាហើយ ប្រាកដណាស់ ប្រជាពលរដ្ឋគ្រប់គ្នាមានឈាមជ័រជាខ្មែរនេះហើយ ដែលជាអ្នកត្រូវការពារមាតុភូមិរបស់ខ្លួន គ្មានជាតិសាសន៍ដទៃណាមកការពារជំនួសឡើយ។

ច្បាប់កាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជនដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ និង ផ្តល់គោលការណ៍ស្ម័គ្រចិត្តសម្រាប់នារី។ ច្បាប់ថ្មីស្តីពី«កាតព្វកិច្ចយោធា» បានតម្រូវឲ្យយុវជន ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ (២៤ ខែ) ជាកំហិត ហើយអាចបន្ត ៦ ខែបន្ថែមទៀត ក្នុងករណីចាំបាច់បំផុត។ ប៉ុន្តែចំពោះជនណាមានបំណងគេចវេសពីការបំពេញកាតព្វកិច្ច អាចប្រឈមទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើទម្ងន់ទោស និង កាលៈទេសៈជាក់ស្តែង លើកលែងតែចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និង អ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗ ជូនជាតិប៉ុណ្ណោះ ដែលត្រូវបានលើកលែងសម្រាប់ការបំពេញកាតព្វកិច្ចយោធា៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម