ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចស្រុតចុះខ្លាំង! ទំនុកចិត្តអ្នកប្រើប្រាស់ថៃ ដាំក្បាលចុះទាបបំផុតមិនធ្លាប់មាន
យោងតាមរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់សកលរបស់ក្រុមហ៊ុន Ipsos នៅក្នុងខែមេសាកន្លងទៅនេះ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ថៃ បានធ្លាក់ចុះយ៉ាងគំហុក រហូតឈានដល់ដំណាក់កាលវិបត្តិ ដែលនេះជាការធ្លាក់ចុះប្រចាំខែយ៉ាងខ្លាំងបំផុតមិនធ្លាប់មាន ទាំងនៅក្នុងកម្រិតសកល និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា វិបត្តិនេះ បានកើតឡើង ដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ តម្លៃជីវភាពរស់នៅដែលកាន់តែហក់ឡើងខ្ពស់ ព្រមទាំងការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ ទៅលើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងការគិតរបស់សាធារណជនយ៉ាងខ្លាំង។ ផ្អែកលើការរកឃើញនេះ គេរំពឹងថា ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចំណាយរបស់អ្នកប្រើប្រាស់ នឹងបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំនេះតែម្តង។
លោកស្រី Pimtai Suwannasuk ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកអតិថិជនរបស់ក្រុមហ៊ុន Ipsos ប្រចាំប្រទេសថៃ បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលការស្ទង់មតិបានបង្ហាញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលបួនឆ្នាំចុងក្រោយ។ សន្ទស្សន៍រួមរបស់ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ៤៥.៥ ពិន្ទុ ពោលគឺថយចុះអស់ ១០.៩ ពិន្ទុ ដែលជាការធ្លាក់ចុះធំបំផុត នៅក្នុងពិភពលោក ក្នុងរយៈពេលមួយខែចុងក្រោយនេះ ហើយក៏ជាការធ្លាក់ចុះដ៏អាក្រក់បំផុតលំដាប់ទីពីររបស់ប្រទេសថៃ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ កាលពីឆ្នាំ ២០២០។ លោកស្រីបានពន្យល់ថា កាលពីចុងឆ្នាំមុន អារម្មណ៍របស់អ្នកប្រើប្រាស់ ហាក់បីដូចជាមានភាពវិជ្ជមានច្រើន ដោយសារតែកម្មវិធីគាំទ្រពីរដ្ឋ និងការបោះឆ្នោតដែលខិតជិតមកដល់ ប៉ុន្តែនៅក្នុងខែមេសានេះ ទំនុកចិត្តបានរលាយបាត់ទៅវិញ ដោយសារតែប្រជាពលរដ្ឋ មិនបានឃើញមានគោលនយោបាយជាក់ស្តែងណាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនោះឡើយ។
តាមទិន្នន័យនៃការស្ទង់មតិ ប្រជាជនថៃរហូតដល់ ៧១% បានពណ៌នាអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នថា «អាក្រក់» ដែលចំនួននេះ បានកើនឡើងរហូតដល់ ១៧% ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ដែលវាស្តែងឱ្យឃើញពីការព្រួយបារម្ភ ដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ ជាងពាក់កណ្តាលនៃប្រជាជនថៃ មានការរុញរា ក្នុងការចំណាយលុយលើទំនិញ ដែលមានតម្លៃថ្លៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហើយប្រហែល ៦៦% បានកាត់បន្ថយការចំណាយ និងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ជាមួយគ្នានេះដែរ មានប្រជាជនជិតពាក់កណ្តាល នៅតែបារម្ភពីភាពមិនប្រាកដប្រជានៃការងាររបស់ពួកគេ ហើយ ៥៦% ផ្សេងទៀត មានអារម្មណ៍មិនសូវមានទំនុកចិត្តលើការវិនិយោគនាពេលអនាគត លុយសន្សំសម្រាប់ពេលចូលនិវត្តន៍ និងការសិក្សារបស់កូនៗនោះឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ សូម្បីតែគ្រួសារដែលមានចំណូលខ្ពស់ ក៏ចាប់ផ្តើមមានអារម្មណ៍មិនសូវមានផាសុកភាព ក្នុងការចំណាយលុយកាក់ដែរ ដែលនេះជាលើកទីមួយហើយ ដែលក្រុមអ្នកមានចំណូលខ្ពស់ មានការបារម្ភខ្លាំងជាងក្រុមអ្នកមានចំណូលមធ្យម និងទាបទៅទៀត ព្រោះពួកគេអាចមើលឃើញរូបភាពវែងឆ្ងាយថា សេដ្ឋកិច្ចកំពុងតែដើរទៅរកផ្លូវកាន់តែដុនដាប។ នៅក្នុងរបាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរថា បញ្ហាធំបំផុត ដែលប្រជាជនថៃព្រួយបារម្ភបំផុតនោះគឺ «អំពើពុករលួយ» ដែលមានរហូតដល់ ៤៩% ខណៈដែលជាងពាក់កណ្តាលនៃអ្នកចូលរួមការស្ទង់មតិមានអារម្មណ៍ថា ប្រទេសជាតិកំពុងតែដើរទៅរកទិសដៅខុសហើយ។ បញ្ហាអតិផរណា (ទំនិញឡើងថ្លៃ) ក៏បានហក់មកចូលក្នុងចំណោមការព្រួយបារម្ភកំពូលទាំងប្រាំវិញដែរ រួមជាមួយនឹងបញ្ហាភាពក្រីក្រ ជម្លោះអន្តរជាតិ និងបញ្ហាបទល្មើសផ្សេងៗ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


